(បាងកក)៖ អង្គការមូលនិធិអាស៊ាន ក្រោមការគាំទ្រពី Google.org បានបង្ហាញលទ្ធផលស្រាវជ្រាវ ស្តីពីអក្ខរកម្មឌីជីថលនៅសន្និសីទថ្នាក់តំបន់អាស៊ាន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ដោយមានការផ្តោតលើអក្ខរកម្មឌីជីថលក្នុងតំបន់។

ក្រោមចំណងជើង « គម្លាតមួយ ឫ គម្លាតច្រើន? អក្ខរកម្មឌីជីថលដ៏មានអត្ថន័យរបស់សហគមន៍អាស៊ាន ដែលមានការខ្វះខាត និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិត» ការសិក្សានេះបង្ហាញពីការចូលរួមជាលក្ខណៈឌីជីថល របស់សហគមន៍អាស៊ានដែលមានការខ្វះខាត។

ការសិក្សានេះផ្តោតទៅលើចំណេះដឹង ជំនាញ បទពិសោធន៍ និងការឆ្លើយតបរបស់ពួកគេ ចំពោះព័ត៌មានមិនពិត ក្នុងគោលបំណងបង្កើតការយល់ដឹងជាមូលដ្ឋានអំពីតួនាទី របស់អក្ខរកម្មឌីជីថលក្នុងការទទួលស្គាល់ និងឆ្លើយតបទៅនឹងព័ត៌មានមិនពិត នៅក្នុងសហគមន៍ទាំងនេះ។

ការស្រាវជ្រាវនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ដោយមានការផ្តល់អត្ថប្រយោជន៍ ដល់បុគ្គលជាង ១៩០ ០០០ នាក់ នៅទូទាំងតំបន់អាស៊ានជាមួយនឹងជំនាញអក្ខរកម្មឌីជីថលសំខាន់ៗ។
កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន រួមបញ្ចូលការផ្សព្វផ្សាយដោយផ្ទាល់ ដោយក្រុមប្រឹក្សាយុវជនអាស៊ាន ដែលប្រមូលផ្តុំយ៉ាងសកម្ម នូវយុទ្ធនាការតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដោយមានការចូលរួមពីមនុស្ស ៣ ០០០ នាក់តាមរយៈសកម្មភាពនៅនឹងកន្លែង និងឈានដល់ជាង ៩០០ ០០០ នាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

កម្មវិធីនេះក៏បានបើកដំណើរការ វេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច https://www.digitalclassasean.org/ ដែលដោះស្រាយបញ្ហាព័ត៌មានមិនពិត។

លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន បានថ្លែងថា «នៅពេលដែលការស្រាវជ្រាវ កម្មវិធីអក្ខរកម្មឌីជីថលចុងក្រោយបង្អស់ របស់អាស៊ានបានបញ្ចប់ អង្គការមូលនិធិអាស៊ាន អញ្ជើញអ្នកពាក់ព័ន្ធផ្នែកយុទ្ធសាស្ត្រឱ្យចូលរួម និងពិភាក្សាអំពីរបាយការណ៍សិក្សា និងការរកឃើញនាៗ។ ការស្រាវជ្រាវនេះគ្របដណ្តប់លើការស្ទង់មតិ និងការប្រមូលទិន្នន័យ ប្រកបដោយគុណភាពពីប្រទេសសមាជិកអាស៊ានទាំង១០។ យើងកំពុងបង្ហាញ វានៅក្នុងសន្និសីទនេះ ដូច្នេះអ្នកចូលរួមអាចស្តាប់ការយល់ដឹង និងអនុសាសន៍ពីប្រទេសសមាជិកនីមួយៗ និងមានការពិភាក្សាស៊ីជម្រៅជាមួយ អ្នកស្រាវជ្រាវពីប្រទេសទាំងនោះ។
យើងសង្ឃឹមថាការស្រាវជ្រាវនេះ នឹងជួយតភ្ជាប់គម្លាតឌីជីថល នៅក្នុងតំបន់អាស៊ាន បង្កើតបរិយាបន្នឌីជីថល និងមានសុវត្ថិភាពជាងមុន»

យោងតាមរបាយការណ៍នេះ កម្រិតនៃការគិតត្រិះរិះពិចារណា និងសមត្ថភាពការពារឯកជនភាព មានភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយ នៅទូទាំងរដ្ឋសមាជិកអាស៊ាន។ គួរកត់សម្គាល់ថា ប្រទេសថៃបង្ហាញភាគរយទាបបំផុត នៃបុគ្គលដែលមានជំនាញការគិតត្រិះរិះពិចារណានោះគឺ ២៥ភាគរយ ធៀបនឹងប្រទេសកម្ពុជា ដែលជាប្រទេសជិតខាង ដែលមានដល់ទៅ ៦២,២ភាគរយ។

ប្រទេសហ្វីលីពីន នៅក្រោយគេសម្រាប់សមត្ថភាពប្រជាជន ក្នុងការការពារឯកជនភាព ដោយមានតែ ១៧,៤២ភាគរយ នៃបុគ្គលដែលមានជំនាញខ្ពស់ ខណៈសិង្ហបុរីមានរហូតដល់ ៥៤,៣៧ភាគរយ។ របាយការណ៍បានរកឃើញថា ប្រទេសកម្ពុជាប្រឈមមុខនឹងគម្លាតអក្ខរកម្មឌីជីថល គួរឱ្យកត់សម្គាល់ ទោះបីជាមានការទទួលយកបច្ចេកវិទ្យាឌីជីថល យ៉ាងឆាប់រហ័សក៏ដោយ។ ខណៈពេលដែលអត្រានៃការជ្រៀតចូលនៃអ៊ីនធឺណិត និងទូរស័ព្ទចល័តមានកម្រិតខ្ពស់ (៦៧,៥ភាគរយ នៃប្រជាជនមានអ៊ីនធឺណិតប្រើប្រាស់) មានតែ ៣០ភាគរយនៃប្រជាជនកម្ពុជា មានជំនាញប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងឌីជីថលជាមូលដ្ឋាន។

ជាពិសេសជនជាតិដើមភាគតិច ប្រឈមមុខនឹងបញ្ហា ដោយសារតែជំនាញឌីជីថលរបស់ពួកគេ និងប្រភពព័ត៌មាន ដែលអាចទុកចិត្តបាននៅមានកម្រិត ធ្វើឱ្យការបែងចែកឌីជីថលកាន់តែមានគម្លាតយ៉ាងធ្ងន់ធ្ងរ។ ទោះបីជា ៦២,២ភាគរយ នៃចំនួនប្រជាជន បង្ហាញពីសមត្ថភាពនៃ ការគិតត្រិះរិះពិចារណាខ្ពស់ក៏ដោយ ការអប់រំដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់សមត្ថភាពរបស់បុគ្គលកម្ពុជា ក្នុងការទទួលយកព័ត៌មានដោយត្រឹមត្រូវ។

ការរកឃើញទាំងនេះ បានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់គំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលតាមតម្រូវការ ដើម្បីដោះស្រាយតម្រូវការ ចម្រុះរបស់សហគមន៍កម្ពុជា ដែលអនុញ្ញាតឱ្យពួកគេទទួលបានអត្ថប្រយោជន៍ ពេញលេញពីសេដ្ឋកិច្ចឌីជីថល និងប្រឆាំងព័ត៌មានមិនពិត ប្រកបដោយប្រសិទ្ធភាព។

ជាមួយនឹងការចេញផ្សាយការរកឃើញទាំងនេះ អង្គការមូលនិធិអាស៊ាន មានគោលបំណងជំរុញឱ្យមានការពិភាក្សាដ៏មានអត្ថន័យ និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមអក្ខរកម្មឌីជីថលចម្រុះ ដែលមាននៅក្នុងតំបន់អាស៊ាន។ គោលដៅរបស់ខ្លួន គឺដើម្បីពង្រឹងភាពធន់របស់សហគមន៍ ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិត ឫ ព័ត៌មានខុស តាមរយៈកម្មវិធីអក្ខរកម្មឌីជីថលដ៏ទូលំទូលាយ និងការចូលរួមរបស់អ្នកពាក់ព័ន្ធ ដោយគិតគូរពីភាពខុសគ្នានៃហេដ្ឋារចនាសម្ព័ន្ធ ឥទ្ធិពលសង្គម-វប្បធម៌ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលផ្សេងៗគ្នានៅទូទាំងតំបន់អាស៊ាន។

ដូចដែលលោកស្រី Marija Ralic តំណាង Google.org APAC បានលើកឡើងថា « យើងមានមោទនភាពក្នុងការគាំទ្រ អង្គការមូលនិធិអាស៊ាន ក្នុងការផ្តល់សិទ្ធិអំណាចដល់ប្រជាជនទូទាំងតំបន់ជាមួយនឹងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់ និងជំនាញសុវត្ថិភាពតាមអ៊ីនធឺណិត។ ការយកចិត្តទុកដាក់របស់ Google.org ក្នុងការជំរុញសុវត្ថិភាពឌីជីថល គឺសមស្របនឹងបេសកកម្ម របស់មូលនិធិអាស៊ានក្នុងការផ្តល់អំណាច ដល់សហគមន៍អាស៊ាន តាមរយៈចំណេះដឹងផ្នែកឌីជីថល ដែលនឹងរួមចំណែកដល់អាស៊ានដែលធន់នឹងឌីជីថល»

កាលពីថ្មីៗកន្លងទៅនេះ Google.org បានគាំទ្រអង្គការមូលនិធិអាស៊ានជាមួយនឹងជំនួយចំនួន ១,៥ លានដុល្លារ ដើម្បីជួយដល់ការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ។

សន្និសីទថ្នាក់តំបន់អាស៊ានក៏មានការចូលរួមពីប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការមូលនិធិអាស៊ាន តំណាងមកពី Google.org តំណាងមកពីលេខាធិការដ្ឋានអាស៊ាន ដៃគូអនុវត្តក្នុងស្រុករបស់ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន អង្គភាពអាស៊ាន អ្នកផ្តួចផ្តើមគំនិត និងអ្នកជំនាញផ្នែកអក្ខរកម្មឌីជីថលនៅក្នុងតំបន់។

សន្និសិទនេះបានបញ្ចប់ដោយកិច្ចពិភាក្សាលើប្រធានបទ « ពីគម្លាតទៅជាការពង្រឹងអំណាច៖ យុទ្ធសាស្រ្តសម្រាប់បរិយាបន្នអក្ខរកម្មឌីជីថល នៅក្នុងតំបន់អាស៊ាន» ដែលបានពិភាក្សាអំពីយុទ្ធសាស្ត្រ ពង្រឹងអំណាចឆ្ពោះទៅរកបរិយាបន្នអក្ខរកម្មឌីជីថល ជាពិសេសក្នុងចំណោមសហគមន៍ ជួបការខ្វះខាតក្នុងតំបន់អាស៊ាន៕