(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលថ្មី បានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណាកាត់បន្ថយគម្លាត នៃការរស់នៅរវាងប្រជាពលរដ្ឋនៅទីជនបទ និងទីក្រុង។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដោយខិតខំពង្រឹងការអភិវឌ្ឍមូលដ្ឋាន នៅតាមជនបទដែលជាគោល ព្រោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទជាគន្លឹះសម្រាប់ធានានូវចីរភាព និងភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម […] ក្នុងន័យនេះ គឺយើងធ្វើយ៉ាងណា ដើម្បីកាត់បន្ថយគម្លាតរវាងក្រុង និងជនបទ ដែលទៅថ្ងៃអនាគត មិនឱ្យមានភាពខុសគ្នាឆ្ងាយដែលធ្វើឱ្យមានការធ្វើសមាហរណកម្ម រវាងទីក្រុង និងជនបទ កាន់តែមានប្រសិទ្ធិភាព»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន បង្កើនការងារ ដើម្បីកាន់បន្ថយភាពក្រីក្រ បង្កើនប្រសិទ្ធភាពស្ថាប័ន ធានាប្រសិទ្ធភាព នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹង ការអភិវឌ្ឍនៅកម្រិតមូលដ្ឋាននៅជនបទជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍តាមអភិក្រម ពង្រឹងមូលដ្ឋានរឹងមាំ ដើម្បីការអភិវឌ្ឍប្រទេសជាតិ បានយូរអង្វែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យើងមិនអាងនឹងលើអង្គើលក្រោមបាននោះទេ ដូចនេះបានជារាជរដ្ឋាភិបាលបានដាក់នូវវិធានការគន្លឹះនៅក្នុងការពង្រឹងមូលដ្ឋាន លើគ្រប់វិស័យ អប់រំ សុខាភិបាល និងការរក្សាសណ្តាប់សង្គម នៅតាមភូមិ ឃុំ សង្កាត់ ស្រុក ក្រុងជូនប្រជាពលរដ្ឋ។

«រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ សម្រាប់ការអភវឌ្ឍនៅមូលដ្ឋាន ដែលក្នុងនោះយើងមានកម្មវិធីនយោបាយសម្រាប់ការកសាង ការពារមាតុភូមិឆ្នាំ២០២៣ - ២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបញ្ជាក់ច្បាស់អំពីការបន្តជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ តាមរយៈការដាក់ចេញនូវគោលដៅសំខាន់ៗ»

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យក្រសួងអភិវឌ្ឍជនបទ ត្រូវកាត់បន្ថយជាបណ្ដើរៗ នូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកទីក្រុង និងអ្នកជនបទ។ ខណៈដែលរាជរដ្ឋាភិបាលនីតិកាលថ្មី នឹងបន្តការអភិវឌ្ឍន៍នៅទីជនបទបន្ថែមទៀត ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅទីជនបទឱ្យកាន់តែល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បាបន្តថា រាជរដ្ឋាភិបាល មានគោលដៅកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋានប្រជាពលរដ្ឋតាមទីជនបទឱ្យល្អប្រសើរ។ បើគិតត្រឹមឆ្នាំ ២០២៣ គឺបរិមាណផ្លូវជនបទបានកើនដល់ជាង៥ម៉ឺនគីឡូម៉ែត្រ ស្មើនឹង ៧៤ភាគរយ នៃផ្លូវសរុបនៅទូទាំងប្រទេស។ ជាការពិតផ្លូវទាំងនោះ មិនទាន់គ្របដណ្ដប់ទាំងអស់ជាផ្លូវបេតុង ឬក៏ផ្លូវកៅស៊ូ ដោយផ្លូវខ្លះនូវជាផ្លូវលំ និងផ្លូវដីក្រហមនៅឡើយ តែបរិមាណតភ្ជាប់ផ្លូវជាង ៥ម៉ឺនគីឡូម៉ែត្រនេះ គឺបានតភ្ជាប់ឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពសេដ្ឋកិច្ចរួចទៅហើយ៕