(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន១៣ចំណុចដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយបរិយាបន្ន និងលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ។

​ការដាក់ចេញនូវអនុសាសន៍ទាំងនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា ​ដើម្បីជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ​សូមផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖​

ទី១. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំគោលនយោបាយស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ និងគោលនយោបាយស្តីពីផ្លូវជនបទឱ្យបានឆាប់បំផុត សម្រាប់ប្រើប្រាស់ជាឯកសារគតិយុត្តលើការងារជំនាញ និងលើកកម្ពស់វិស័យអភិវឌ្ឍន៍ជនបទ។

ទី២. ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពផ្លូវជនបទ តាមរយៈការខិតខំសិក្សាស្រាវជ្រាវ និង អភិវឌ្ឍការងារស្ថាបនា ជួសជុល លើកកម្រិត និង កែលម្អផ្លូវជនបទ តាមរយៈ បច្ចេកវិទ្យាថ្មីៗ, ជាពិសេសត្រូវយកចិត្តទុកដាក់លើការស្ថាបនា លើកកម្រិត និងកែលម្អផ្លូវជនបទធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដើម្បីធានាគុណភាពនៃការប្រើប្រាស់ឱ្យបានយូរអង្វែង។

ទី៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើថវិកាសម្រាប់ការថែទាំ និង ជួសជុលផ្លូវជនបទឱ្យកាន់តែមានគុណភាពខ្ពស់ និងធានាបានការប្រាស់គ្រប់រដូវកាល, ជាពិសេសផ្លូវជនបទដែលបានក្រាលកៅស៊ូពីរជាន់រួច, ដើម្បីឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល គឺពង្រឹងគុណភាព ៧០% និងពង្រីកការតភា្ជប់៣០% ។

ទី៤. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ រាជធានីខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធ លើការងារ ៖ ១) រៀបចំផែនទីផ្លូវ ធ្វើបញ្ជី សារពើភ័ណ្ឌ និង ដាក់លេខផ្លូវឱ្យបានត្រឹមត្រូវផ្អែកតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន, និង ២) រៀបចំធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងគោលដៅការពារផ្លូវថ្នល់ សម្រាប់សាធារណជនប្រើប្រាស់បានយូរអង្វែង និង វិសោធនកម្មអនុក្រឹត្យលេខ១៩៧ ស្តីពីការគ្រប់គ្រង ដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង ដោយបញ្ចូលបន្ថែមនូវដីចំណីផ្លូវតាមបណ្ដោយផ្លូវ ខេត្ត និងផ្លូវជនបទ ក្នុងគោលដៅរក្សាដីចំណីផ្លូវគ្រប់ប្រភេទសម្រាប់ការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់រូបនៅពេលអនាគត ។

ទី៥. ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមទប់ស្កាត់ ឱ្យបាននូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់យានយន្តគ្រប់ប្រភេទលើផ្លូវជនបទ និងត្រូវសហការអប់រំ និង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជនបទឱ្យបញ្ឈប់ការលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវ ដែលធ្វើឱ្យប៉ះពាល់គុណភាពផ្លូវ។

ទី៦. ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញពីដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា ដែលធ្វើឱ្យរាំងស្ទះ ឬយឺតយ៉ាវដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ។

ទី៧. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តលើកកម្ពស់ និងកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការពង្រឹងការអនុវត្តយន្តការដែលមានស្រាប់ ដើម្បីឈានទៅសម្រេចឱ្យបានតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលបានកំណត់ថានៅឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្ដប់ទឹកស្អាត និងអនាម័យ១០០% នៅទូទាំងប្រទេស ។

ទី៨. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តជំរុញ និងពង្រីកសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ ដោយជំរុញការបង្កើតមុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចនានា និង ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់បង្កើតការងារ និងបង្កើនប្រាក់ចំណូល តាមរយៈការអភិវឌ្ឍភូមិគំរូ ព្រមទាំងការអភិវឌ្ឍ និងការអភិរក្សសហគមន៍ជនជាតិដើមភាគតិច។

ទី៩. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រៀមរៀបចំធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១ ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ៧៨ អនប្រ.បក ចុះ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើបច្ចុប្បន្នភាពមុខងារ និង ភារកិច្ចរបស់ក្រសួងឱ្យឆ្លើយតបទៅនឹងការងារប្រចាំថ្ងៃ ស្របតាមការវិវត្តរបស់សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ។ បន្តបង្កើន និងពង្រឹងការ អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ និងអភិវឌ្ឍស្ថាប័នឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយយកចិត្តទុកដាក់លើការលើកទឹកចិត្ត និងចាត់តាំងមន្ត្រីឱ្យស្របតាមគុណាធិបតេយ្យ សំដៅបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ។

ទី១០. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាភាគីពាក់ព័ន្ធ, ដូចជា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសវិស័យឯកជន និងបណ្តាប្រទេសជាមិត្តនានា ដើម្បីកៀរគរប្រភពធនធាន ទាំងហិរញ្ញវត្ថុ និង បច្ចេកទេសសម្រាប់រួមចំណែកគាំទ្រវិស័យអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត ។

​ទី១១. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសិក្សាស្រាវជ្រាវ ប្រមូលផ្ដុំ និងគ្រប់គ្រងទិន្នន័យព័ត៌មាន ស្ថិតិអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតទាំងតំបន់ភ្នំ តំបន់ខ្ពង់រាប និង តំបន់វាលទំនាប ។

ទី១២. ខ្ញុំសូមណែនាំឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ លើកទិសដៅផែនការយៈពេលខ្លី មធ្យម និង វែង លើការងារអភិវឌ្ឍន៍ជនបទ ដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ប្រជាជនជនបទទូទៅ ដោយរួមបញ្ចូលទាំងជនជាតិភាគតិច ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យ កាន់តែប្រសើរឡើងកាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកជនបទ និងអ្នកទីក្រុង ។

ទី១៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍជនបទ ឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន គឺធានាការបង្កើនប្រាក់ចំណូល សម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និង ធានាសុខុមាលភាពនៃការរស់នៅរបស់ប្រជាជននៅជនបទឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕​

</p