(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានបន្តជំរុញការអនុវត្តយុទ្ធសាស្តអភិវឌ្ឍន៍ជនបទ តាមរយៈ ៤ចំណុច។ សម្តេចធិបតី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មីបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណាកាត់បន្ថយគម្លាត នៃការរស់នៅរវាងប្រជាពលរដ្ឋនៅទីជនបទ និងទីក្រុង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមើលឃើញពីភាពចាំបាច់នេះ ទាំងកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ បានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំរុញការអនុវត្តយុទ្ធសាស្តអភិវឌ្ឍន៍ជនបទ តាមរយៈ៖
* ទី១៖ ការបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ
* ទី២៖ បន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទតាមរយៈការពង្រីកវិសាលភាពនៃការ អភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និង គមនាគមន៍ជនបទ
* ទី៣៖ បន្តជំរុញការធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទមានជីវភាពសមរម្យ តាមរយៈ ការបង្កើត និង ពង្រីកមុខរបរ ក៏ដូចជាបង្កើនប្រាក់ចំណូលបន្ថែម
* និង ទី៤៖ បន្តអភិវឌ្ឍជនជាតិដើមភាគតិច ឱ្យមានភាពរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌»។
ស្របពេលជាមួយគ្នានេះ សម្តេចធិបតិ ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលថ្មី ប្ដេជ្ញាចិត្តឥតងាករេ បន្តថែរក្សាសុខសន្តិភាព និង អនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបទៅនឹង សំណូមពរ និង សេចក្តីត្រូវការរបស់ប្រជាជន បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលពិភពលោក មានការប្រែប្រួល និង មានភាពមិនប្រាកដប្រជាក៏ដោយ។ រាជរដ្ឋាភិបាល មានគោលដៅកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋានប្រជាពលរដ្ឋតាមទីជនបទឱ្យល្អប្រសើរ។
បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលកន្លងមក, បន្ទាប់ពីការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយជោគជ័យ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល, តាមរយៈ (១) ការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរង ហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ ឬ ស្មើនឹងសមាជិកសរុបជាង ១,៥ លាននាក់ ដែលត្រូវ បានប្រកាសឱ្យអនុវត្តកាលពីខែ តុលា ឆ្នាំ ២០២៣ និង (២) ការពង្រីករបបថែទាំសុខភាពន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង ៣ លាននាក់។ កម្មវិធីទាំងនេះ នឹងចូលរួមចំណែកយ៉ាងធំធេងដល់ ការធ្វើឱ្យប្រសើរឡើងនូវវិស័យសុខាភិបាលនៅទីជនបទ និង ផ្ដល់ឱ្យបងប្អូនប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ទទួលបានការថែទាំងសុខភាពយ៉ាងពេញលេញ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា អត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាត និង បង្គន់អនាម័យ បានកើនប្រមាណ ៨៥% ដែលបញ្ជាក់ពីការរស់នៅប្រកបដោយផាសុកភាព របស់ប្រជាជន នៅតំបន់ជនបទ រួមនឹងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល, លើកកម្ពស់ជីវភាព និង ចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានេះ គិតត្រឹមឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ផ្លូវជនបទ បានជាង ៥ម៉ឺនគីឡូម៉ែត្រ គ្រប់ដណ្តប់ជាង ៧០ភាគរយ នៅទូទាំងប្រទេស៕