(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ សាងសង់ផ្លូវជនបទ បានជាង៥ម៉ឺនគីឡូម៉ែត្រ គ្រប់ដណ្តប់ជាង៧០ភាគរយ នៅទូទាំងប្រទេស។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមជនបទ មានជាង៥ម៉ឺនគីឡូម៉ែត្រ ស្មើនឹង៧៤ភាគរយ នៃផ្លូវសរុបទូទាំងប្រទេស ពិតណាស់យើងអត់ទាន់ខ្លាចទៅជាផ្លូវ ដែលគ្រប់ដណ្ដប់ដោយបេតុង និងកៅស៊ូទាំងអស់ទេ នៅមានផ្លូវជាច្រើន នៅជាផ្លូវលំ និងដីក្រហមនៅឡើយ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបង្កើតបរិមាណ ការតភ្ជាប់ជាង៥ម៉ឺនគីឡូម៉ែត្រនេះ គឺបានតភ្ជាប់ប្រជាពលរដ្ឋ ធ្វើសកម្មភាពសេដ្ឋកិច្ច, ប្រជាពលរដ្ឋអាចដឹកកសិផល, ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់, ទទួលនូវសេវាសុខាភិបាល និងរៀនសូត្រ, ភ្ជាប់ពីតំបន់ដាច់ស្រយាល ទៅជាមួយនឹងក្រុង បង្កៀកនូវការរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី នឹងបន្តការអភិវឌ្ឍន៍នៅទីជនបទបន្ថែមទៀត ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅទីជនបទ ឲ្យកាន់តែល្អប្រសើរ។

សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី បានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណា កាត់បន្ថយគម្លាតនៃការរស់នៅ រវាងប្រជាពលរដ្ឋនៅទីជនបទ និងទីក្រុង។

តាមរបាយការណ៍ ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារ ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣, បរិមាណផ្លូវជនបទបាន​កើនដល់ចំនួន ៥០,២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤ភាគរយ នៃផ្លូវទូទាំងប្រទេស និងសំណង់សិល្បការ្យ​ជន​បទកើនដល់ចំនួន ៤៨,៨២២កន្លែង។

ដោយឡែក ក្នុងឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ ​បាន​ស្ថាប​នា​ពង្រីកវិសាលភាព និងកែលម្អលើកកម្រិតផ្លូវជនបទបានចំនួន ៩៥ខ្សែ ប្រវែងសរុប ៤៤៧គីឡូម៉ែត្រ បានថែទាំផ្លូវជនបទចំនួន ៤៨៣ខ្សែ ប្រវែងសរុប ៤,៣៧២គីឡូម៉ែត្រ និងសាងសង់សំណង់​សិល្បការ្យ​គ្រប់​ប្រភេទបានចំនួន ១,៣៧១កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍បានចំនួន ២,៧៨៣ស្លាក៕