(ចិន)៖ សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ដោយសារការកើនឡើងនូវរបបគាំពារនិយម (Protectionism សំដៅលើគោលនយោបាយ ការពារផលិតផលក្នុងស្រុកតាមរយៈការតម្លើងពន្ធនាំចូល) និងដោយសារវិបត្តិទីផ្សារហិរញ្ញវត្ថុ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីចិន លោក Xi Jinping ក្នុងឱកាសបើកកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាសមាជិករបស់ G20 ដែលមានរយៈពេលពីរថ្ងៃ ដែលដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ប្រធានាធិបតីចិនរូបនេះ បានសង្កត់ធ្ងន់ថា «សេដ្ឋកិច្ចពិភពលោកកំពុងឈានដល់ដំណាក់កាល នៃរបត់ថ្មីដ៏សំខាន់មួយ ដែលត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗដូចជា តម្រូវការធ្លាក់ចុះ ស្របពេលដែលទីផ្សារហិរញ្ញវត្ថុ ការធ្វើពាណិជ្ជកម្ម និងវិនិយោគទុនគ្មានស្ថិរភាព»។ លោក Xi បានបន្តថា កំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើ បច្ចេកវិទ្យាជំនាន់មុនកំពុងសាបរលាបបន្តិចម្តងៗ ខណៈដែលបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មីមិនទាន់រីកលូតលាស់នៅឡើយ។
លោក Xi បានលើកឡើងនូវការព្រមានបែបនេះ បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីជាមួយជាមួយលោក Barak Obama ដែលប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានចាត់ទុកថា កិច្ចពិភាក្សានេះ ទទួលបាននូវផ្លែផ្កាជាច្រើន ប៉ុន្តែការពិតទៅកិច្ចពិភាក្សានេះ មិនទាន់សម្រេចបាននូវប្រធានបទក្តៅសំខាន់ៗ ដែលត្រូវប្រឈមគ្នានៅឡើយ ដែលក្នុងនោះមានដូចជា បញ្ហាសមុទ្រចិនខាងត្បូងជាដើម។
ជាមួយនោះផងដែរ លោក Xi បានលើកឡើងថា ដោយព្រមានចំពោះការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង និងស្នើឲ្យអាមេរិក ត្រូវគោរពផលប្រយោជន៍សន្តិសុខរបស់ចិន។
សូមជម្រាបថា បណ្តាប្រទេស G20 បានកំណត់ព្រៀងព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួមនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងគោលនយោបាយមួយចំនួន ដូចជា ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ រូបិយវត្ថុ និងសារពើពន្ធ ដែលជាមធ្យោបាយដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយស្ថិរភាព៕