(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម ថ្នល់និងស្ពានចិន (China Road and Bridge Corporation - CRBC) ដឹកនាំដោយ លោក កាវ ស៊ីន (Mr. Gao Xin) នាយករងគ្រប់គ្រងទូទៅការិយាល័យក្រុមហ៊ុនប្រចាំនៅកម្ពុជា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។

ជំនួបពិភាក្សានេះ បានផ្តោតសំខាន់លើកិច្ចការមួយចំនួន រួមមាន៖ (១)វឌ្ឍនភាពការងារសិក្សាគម្រោង (២)កិច្ចការជំហានបន្ទាប់ដែលនឹងត្រូវអនុវត្ត និង (៣)ការងារផ្សេងៗដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ៕