(កោះកុង)៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកែសម្រួលព្រំប្រទល់រវាងឃុំជីផាត ស្រុកថ្មបាំង ជាមួយឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ទីតាំងដីដែលជាកម្មវត្ថុ នៃការពិភាក្សាដើម្បីកែសម្រួលព្រំប្រទល់នេះ បើពិនិត្យតាមផែនទីភូមិសាស្ត្ររដ្ឋបាលកន្លងមក គឺស្ថិតនៅក្នុងដែនរដ្ឋបាលនៃឃុំជីខលើ ស្រុកស្រែអំបិល ប៉ុន្តែយោងតាមភូមិសាស្ត្រជាក់ស្តែង ទីតាំងដីនេះស្ថិតនៅក្បែររដ្ឋបាលឃុំជីផាត ស្រុកថ្មបាំង ហើយកន្លងមកប្រជាពលរដ្ឋតែងតែប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋបាលឃុំជីផាតផងដែរ ព្រោះយល់ថាស្ថិតក្នុងដែនរដ្ឋបាលឃុំជីផាត។

ក្បាលដីពាក់ព័ន្ធដែលវាស់វែងដោយ បប០១ (បច្ចុប្បន្ន ក្នុងផែនទីភូមិសាស្ត្ររដ្ឋបាល ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល) ចំនួន៦៨៤ក្បាលដី ស្មើនឹងទំហំ ៦៧៣៦ហិកតា ដែលក្នុងនោះ ក្បាលដីដែលគ្រប់គ្រងកាន់កាប់ ដោយប្រជាពលរដ្ឋក្នុងឃុំជីផាត ស្រុកថ្មបាំង មានចំនួន ៥២១ក្បាលដី និងក្បាលដីចំនួន១៦៣ក្បាលដី គ្រប់គ្រងដោយប្រជាពលរដ្ឋនៅក្រៅឃុំជីផាត រួមមានប្រជាពលរដ្ឋនៅក្រុងខេមរភូមិន្ទ រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកណ្តាល និងប្រជាពលរដ្ឋនៅឃុំបឹងព្រាវ ឃុំស្រែអំបិល ស្រុកស្រែអំបិល (មិនមានប្រជាពលរដ្ឋនៅឃុំជីខលើទេ)។

លោកអភិបាលរងបានបន្តថា បន្ទាប់ពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាពដូចខាងក្រោម៖

*ទី១៖ ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងសេវាសាធារណៈ ការគ្រប់គ្រងដីធ្លី នៃក្បាលដីវាស់វែងដោយ បប០១ ទាំង ៦៨៤ក្បាលដី (ទាំងដីដែលកាត់ឆ្វៀលរួច ស្ថិតនៅក្នុងតំបន់ឥណទានកាបូន និងមិនស្ថិតនៅក្នុងតំបន់ឥណទានកាបូន) គឺប្រគល់ជូនរដ្ឋបាលឃុំជីផាត គ្រប់គ្រង និងការពារ

*ទី២៖ ការកំណត់ព្រំប្រទល់រវាងរដ្ឋបាលឃុំជីផាត ជាមួយរដ្ឋបាលឃុំជីខលើ អង្គប្រជុំសម្រេចជាបឋមថា ក្បាលដីវាស់វែងដោយ បប០១ ចំនួន៥៤១ក្បាលដី ដែលមិនស្ថិតនៅក្នុងតំបន់ឥណទានកាបូន នឹងត្រូវធ្វើសំណើទៅក្រសួងមហាផ្ទៃដើម្បីស្នើសុំកាត់បញ្ចូលទៅក្នុងភូមិសាស្ត្រ រដ្ឋបាលឃុំជីផាត

*ទី៣៖ ចំណែក ក្បាលដីវាស់វែងដោយ បប០១ ចំនួន១៤៣ក្បាលដី ដែលស្ថិតនៅក្នុងតំបន់ឥណទានកាបូន ថាតើ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំណានោះ នឹងត្រូវប្រជុំពិភាក្សាបន្តនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៕