(ភ្នំពេញ)៖ លោកស្រី ផេថងថាន ស៊ីណា វ៉ាត់ត្រា ប្រធានគណបក្សភឿថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា បានបង្ហាញក្ដីរំភើបសប្បាយរីករាយជាខ្លាំង បន្ទាប់ពីលោកស្រី បានជួបសំណេះសំណាលជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សប្រជាជនកម្ពុជា។

តាមរយៈ Facebook ផ្ទាល់ខ្លួនលោកស្រី ផេថងថាន ស៊ីណា វ៉ាត់ត្រា បានអះអាងថា ផ្ដើមចេញពីទំនាក់ទំនងយ៉ាងជិតស្និតរវាងគណបក្សនយោបាយទាំងពីរ ពោលគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា។

លោកស្រីប្រធានគណបក្សភឿថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចលោកស្រី និងគណៈប្រតិភូប្រកបដោយភាពកក់ក្ដៅជាទីបំផុត។

លោកស្រី ផេថងថាន ស៊ីណា វ៉ាត់ត្រា បានរៀបរាប់ជាភាសាថៃ និងអង់គ្លេស ដោយបកប្រែជាភាសាខ្មែរយ៉ាងដូច្នេះថា «រូបខ្ញុំផ្ទាល់រួមជាមួយថ្នាក់ដឹកនាំគណបក្សភឿថៃ ពិតជាមានកិត្តិយសជាទីបំផុត ដែលបានជួប សំណេះសំណាលជាមួយគណៈប្រតិភូជាទីគោរព មកពីគណបក្សប្រជាជនកម្ពុជា។ ទំនាក់ទំនងជិតស្និទ្ធរវាងគណបក្សយើងទាំងពីរ នឹងជួយត្រួសត្រាយមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា។ ខ្ញុំសូមសម្តែងការអរគុណដោយស្មោះពីចិត្ត សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ»។

សូមជម្រាបថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកស្រី ផេថងថាន ស៊ីណា វ៉ាត់ត្រា ប្រធានគណបក្សភឿថៃ ដែលជាបក្សកំពុងកាន់អំណាចនៅក្នុងប្រទេសថៃ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងដំណើរទស្សនកិច្ចនេះ មរតកឈាមអ្នកនយោបាយរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអ្នក នយោបាយដ៏មានប្រជាប្រិយភាពរបស់ថៃ ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយភាព កក់ ក្តៅបំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភបាល។

សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ី ស៊ីណាវ៉ាត្រា មានទំនាក់ទំនងស្អិតល្មួតល្អូកល្អិនប្រៀប ដូចជា បងប្អូន លើសពីទំនាក់ទំនងក្នុងនាមជាអ្នកនយោបាយមានប្រទេសជាប់របងគ្នា។ បើទោះបីមានវ័យ នៅ ក្មេងយ៉ាងណាក្តី ប៉ុន្តែដំណើរទស្សន កិច្ចប្រធានបក្សភឿថៃ ដែលជាកូនស្រៅពៅរបស់លោក ថាក់ស៊ីន ទទួលបានការទទួលស្វាគមន៍កក់ក្តៅ បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន អ្នកនយោបាយដ៏មាន ឥទ្ធិពល នៅកម្ពុជា។

ទស្សនកិច្ចរបស់ប្រធានបក្សភឿថៃ ដែលជាបក្សកាន់អំណាចនៅប្រទេសថៃ ជាការបង្ហាញឱ្យឃើញនូវស្មា រតីពូនជ្រុំទំនាក់ទំនងល្អរវាងបក្ស និងបក្ស ប្រទេស និងប្រទេស ដូចអ្វីដែលលោក ថាក់ស៊ី ធ្លាប់បានធ្វើពេលលោកកាន់អំណាច៕