(កំពង់ចាម)៖ ដោយយល់ឃើញថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយរដ្ឋមន្ត្រីនៃកម្ពុជា គឺជាគណបក្សដែលល្អជាងគេបំផុត ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព និងនិរន្តរភាព បងប្អូនកម្មករចំនួន១២៥នាក់ នៅរោងចក្រមួយក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានស្ម័គ្រចិត្តចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។
ការស្ម័គ្រចិត្តចូលរួមនេះ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ និងដោយការផ្តល់កិត្តិយស ក្រោមអធិបតីភាពលោក លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងជាអភិបាលខេត្តកំពង់ចាម និង លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
នេះគឺជាលើកទី៣ហើយ ដែលបងប្អូនកម្មករបានស្ម័គ្រចិត្ត សុំខ្លួនចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលសរុបមានចំនួន ២២១នាក់។ ពិធីប្រកាស នឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ទៀតនៅពេលខាងមុខ ។
តំណាងកម្មករបាន និយាយថា បើទោះជាមាននរណានិយាយបង្ខូច ញុះញង់ឲ្យមានការភន្ត័ច្រឡំអំពីភាពត្រឹមត្រូវ និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិពី របបប្រល័យពូជសាសន៍ប៉ុលពត ការស្វែងរក ការបង្កើត និងការពង្រឹងសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេរ ក៏ក្នុងនាមខ្លួនជាតំណាងឲ្យបងប្អូនកម្មករនៅទីនេះ យល់ឃើញថា អ្វីដែលគណបក្សប្រជាជន និងរាជរដ្ឋាភិបាលបាននិងកំពុងធ្វើគឺជារឿងត្រឹមត្រូវ និងផ្តល់ប្រយោជន៍ជូនប្រជាជន និងសង្គមជាតិទាំងមូល ។
លោក ប៉ាន សូរស័ក្តិ មានថ្លែងថា រាល់ទង្វើទាំងឡាយណាដែលធ្វើឲ្យផលិតកម្មរោងចក្រ មានការរាំងស្ទះ ឬអសកម្ម កម្មករទាំងអស់នឹងត្រូវបាត់បង់អនាគត ហើយភាពក្រីក្រនឹងកើតមានឡើង ដែលអាចបង្កជាសោនាដកម្ម ឬទុរភិក្សផ្សេងៗដល់សង្គមជាតិ ។ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល មិនអាចនិងមិនដែលព្រងើយកន្តើយ ចំពោះទុក្ខវេទនារបស់ប្រជាជនកម្ពុជាបានឡើយ ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលគ្រប់អាយុត្រូវបោះឆ្នោត ឲ្យទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីគ្រប់ៗគ្នា នៅតាមភូមិឃុំរបស់ខ្លួន ។
លោក លន់ លឹមថៃ ថ្លែងថា ភាពស្មោះត្រង់ និងការតស៊ូរួមសុខរួមទុក្ខជាធ្លុងមួយ គឺជាបេះដូងនៃគណបក្សប្រជាជនកម្ពុជា ។ នេះជាការចូលរួមដោយស្ម័គ្រចិត្ត តែបើមានការបង្ខិតបង្ខំឲ្យចូលជាសមាជិកបក្ស បងប្អូនអាចចេញទៅវិញបាន ។
លោកក៏បានស្នើឲ្យបងប្អូនកម្មករទាំងអស់ កុំធ្វើបាតុកម្ម ព្រោះនោះអាចជាមូលហេតុដែលនាំឲ្យបិទទ្វារ រោងចក្រ ខាតប្រយោជន៍បងប្អូនទៅវិញទេ ។ ដូច្នេះជម្រើសល្អបំផុត គឺបងប្អូនធ្វើត្រឹមកូដកម្ម ហើយខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី ដោះស្រាយម្តងមួយៗរហូតបានសម្រេច ។ ជារួម លោកបានអំពាវនាវឲ្យបងប្អូននយោជិត កុំទៅចូលរួមធ្វើបាតុកម្ម ដោយមិនដឹងមូលហេតុច្បាស់លាស់ ឬដោយការបង្ខិតបង្ខំ ព្រោះមានបក្សមួយចំនួនដើរភូតភរបោកប្រាស់ឲ្យប្រជាពលរដ្ឋ នាំគ្នាធ្វើបាតុកម្មនៅតាមទីកន្លែងផ្សេងៗ៕