(ព្រះសីហនុ)៖ ក្រុមបវរកញ្ញាមកពី៥០ប្រទេសជុំវិញពិភពលោកបានធ្វើដំណើរមកប្រទេសកម្ពុជា រួមទាំងខេត្តព្រះសីហនុ និងបានសម្តែងអារម្មណ៍ពេញចិត្តជាខ្លាំងលើការអភិវឌ្ឍសម្រស់ឆ្នេរក្នុងខេត្តព្រះសីហនុ ក្រោយពីទស្សនកិច្ចរយៈពេល១ថ្ងៃ១យប់។

គួរជម្រាបថា ក្រុមបវរកញ្ញាទាំង៥០ប្រទេសបានចូលរួមប្រកួតប្រជែងកម្មវិធី Universal Woman ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤-២៤ ខែមីនា ឆ្នាំ២០២៤ នៅទឹកដីអង្គរ-សៀមរាប។ អ្វីដែលសំខាន់ អ្នកនាង ប្រាសាទ ដាវីន អ្នកទទួលបន្ទុកក្នុងការរៀបចំការប្រកួតអន្តរជាតិនេះ បានដឹកនាំបេក្ខភាព Universal Woman 2024 ទាំងអស់ គ្រងនូវឈុតអប្សរាខ្មែរ ដើម្បីថតរូបនៅប្រាសាទអង្គរវត្តថែមទៀតផង។

ក្នុងឱកាសដ៏កម្ររនេះ លោកស្រី អ៊ូ ធីតាពៅ គួចចំរើន បានអញ្ជើញបវរកញ្ញាពិភពលោកមកបន្តទស្សនកិច្ចក្នុងខេត្តព្រះសីហនុ ក្នុងនាមជាម្ចាស់ផ្ទះ លោកស្រីបានរៀបចំបដិសណ្ឋាកិច្ចជាពិសេស ស្នាក់នៅសណ្ឋាគារ KD Hotel លំដាប់អន្តរជាតិ អ្វីដែលពិសេសគឺមិនអាចបំភ្លេចបាននោះ គឺណែនាំដល់បវរកញ្ញាឲ្យស្គាល់អំពីវប្បធម៌ អត្តសញ្ញាណខ្មែររ បៀបកាច់ផ្ការំដួល និងបានជូននូវសឹងបុរាណខ្មែរយើង កន្លាសអាវរូបផ្ការំដួល ជូនជាអនុស្សាវរីយ៍ បង្ហោះគោមដុតកាំជ្រួចនៅមាត់ឆ្នេរសមុទ្រឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ដើម្បីបង្កើតឲ្យភាពសប្បាយរីករាយផងដែរ។

ដើម្បីបង្ហាញអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសនៅតាមតំបន់កោះ និងតំបន់រមណីយដ្ឋាននានា នៅថ្ងៃទី១៨ ខែមីនា រដ្ឋបាលខេត្តព្រះសីហនុបានសម្របសម្រួលជូនបវរកញ្ញាចម្រុះជាតិសាសន៍ចំនួន៥០ប្រទេស ទៅទស្សនាបន្តនៅលើក្រុងកោះរ៉ុង ដែលជាតំបន់ទេសចរណ៍នៅលើដីកោះ មានធនធានធម្មជាតិ ធនធានជីវចម្រុះបាតសមុទ្រ មានឆ្នេរវែងសល្អស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនា និងសម្រាកលម្ហែកម្សាន្តរបស់ខេត្តព្រះសីហនុ។

ក្នុងដំណើរទស្សនានេះដែរ ក្រុមការងារបានជូនបវរកញ្ញាទៅទស្សនាចំនួនពីរទីតាំង៖
*ទី១. នៅឆ្នេរសណ្ឋាគាររ៉ូយ៉ាល់សេនលំដាប់ផ្កាយប្រាំ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា
*ទី២. នៅឆ្នេរឋានសួគ៌ ស្ថិតនៅក្នុងសង្កាត់ កោះរ៉ុង ក្រុងកោះរ៉ុង ដើម្បីបង្ហាញទៅដល់បវរកញ្ញាបានទស្សនាអំពីតំបន់ទេសចរណ៍ ដែលមានឆ្នេរខ្សាច់សរល្អស្អាត មានសណ្ឋាគារលំដាប់ផ្កាយសម្រាប់ទទួលស្វាគមន៍ទៅដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកសម្រាកលម្ហែកម្សាន្ត។

គួរបញ្ជាក់ថា កាលចូលមកទស្សនកិច្ចរបស់បវរកញ្ញាជាង៥០ប្រទេស មានរយៈពេល១ថ្ងៃ១យប់ ដោយចូលមកកាលពីថ្ងៃទី១៧ ខែមីនា និងត្រឡប់ទៅវិញនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ក្រោយពីទស្សនកិច្ចប្រកបដោយភាពរីករាយ និងពោពេញទៅដោយសុខសុវត្តិភាពហើយនោះ ក្រុមបវរកញ្ញាទាំងអស់បានបញ្ជាក់ពីអារម្មណ៍ពិតអំពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ និងលើដីកោះមានឆ្នេរ មានសណ្ឋាគារលំដាប់អន្តរជាតិ មានធនធានធម្មជាតិ ល្អស្អាត ដែលជាការទាក់នឹងចាប់អារម្មណ៍ ក្នុងការផ្សព្វផ្សាយអំពីសក្កានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសនៅតំបន់ដីកោះ៕