(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនលោក វ៉្លាឌីមៀ ពូទីន ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្តជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៉ី។
ក្នុងសារលិខិតអបអរសាទរ និងជូនពរផ្ញើជូនលោក ពូទីន, សម្តេចធិបតី បានចាត់ទុកជ័យជម្នះនេះជាសក្ខីភាពដ៏រឹងមាំ និងការទទួលស្គាល់លើស្នាដៃ ដែលលោកពូទីន បាននាំមកជូនប្រជាជាតិរុស្ស៉ី។
ក្នុងសារលិខិតនេះ សម្តេចធិបតី បានគូសរំលេចផងដែរថា ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនង៧០ឆ្នាំមកនេះ កម្ពុជា និងរុស្ស៉ី បានរីករាយនឹងទំនាក់ទំនងប្រពៃណីនៃមិត្តភាពដ៏កក់ក្តៅ និងពិតប្រាកដ ដែលចងភ្ជាប់ដោយមនោសញ្ចេតនាដ៏រឹងមាំនៃទំនុកចិត្តផ្នែកនយោបាយ ការគោរព និងការយោគយល់គ្នាទៅវិញទៅមក ដោយឈរលើតម្លៃរួម និងផលប្រយោជន៍រួម។
សម្តេចធិបតី បានបង្ហាញជំនឿចិត្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា កម្ពុជា និងរុស្ស៉ី នឹងអាចប្រើប្រាស់សក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរនៅក្នុងវិស័យជាក់ស្តែងដែលមានស្រាប់ និងបន្តទៅអនាគត។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ពូទីន និងរដ្ឋាភិបាលរុស្ស៉ី ដើម្បីបង្ហាញពីសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-រុស្សី កាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ និងនាំមកនូវផ្លែផ្កាថ្មីបន្ថែមទៀត សម្រេចបាននូវសន្តិភាព ភាពសុខដុម និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក។
សូមបញ្ជាក់ថា លោក ពូទីន ទទួលបានឱកាសដឹកនាំប្រទេសរុស្ស៉ី រយៈពេល៦ឆ្នាំបន្តទៀត បន្ទាប់ពីទទួលបានការគាំទ្រពីសំឡេងឆ្នោតជិត៩០ភាគរយ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីរយៈពេល៣ថ្ងៃកន្លងទៅថ្មីៗនេះ។
លោក ពូទីន បានឡើងកាន់អំណាចដំបូង កាលពីចុងឆ្នាំ១៩៩៩ បន្ទាប់ពីលោក Boris Yeltsin ហើយបានបន្តជាមេដឹកនាំនៃប្រទេសរុស្ស៉ីជាប់រហូតមក បើទោះបីជាកាលពីចន្លោះឆ្នាំ២០០៨-២០១២ លោកមានតំណែងជានាយករដ្ឋមន្ត្រី មិនមែនប្រធានាធិបតីក៏ដោយ។
តាមរយៈជ័យជម្នះខាងលើនេះ លោក ពូទីន នឹងអាចបន្តកាន់អំណាចបានរហូតដល់ យ៉ាងហោចឆ្នាំ២០៣០។ តាមរយៈការក្តោបក្តាប់អំណាចមួយអាណត្តិនេះទៀត ធ្វើឱ្យលោក ពូទីន វ័យ៧១ឆ្នាំ ក្លាយជាមេដឹកនាំរុស្ស៉ី ដែលកាន់អំណាចយូរជាងគេបំផុត ក្នុងរយៈពេលជាង២០០ឆ្នាំ៕