(ភ្នំពេញ)៖ ជាថ្មីម្តងទៀត បន្ទាប់ពីមានព័ត៌មានលេចលឺថា គណបក្សសង្គ្រោះជាតិមានគម្រោងហែរញត្តិធ្វើបាតុកម្មដ៏ធំមួយ ដោយហែក្បួនប្រឆាំងរាជរដ្ឋាភិបាល និងតុលាការ ពាក់ព័ន្ធរឿងក្តីរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ដែលនឹងត្រូវបើកសវនការនៅប៉ុន្មានថ្ងៃខាងមុខនេះ, ប៉ុន្តែត្រូវបានកញ្ញា ធី សុវណ្ណថា អតីតសកម្មជនជើងខ្លាំងមួយរបស់គណបក្សសង្គ្រោះជាតិ ចេញមុខមកអះអាងថា ការចង់ហែញត្តិធ្វើបាតុកម្មរបស់គណបក្សប្រឆាំងដោយនាំបងប្អូន ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានានោះ គឺជាចេតនាចង់បំផ្ទុះហឹង្សា បង្កអសន្តិសុខសង្គម ឲ្យបងប្អូនប្រជាពល រដ្ឋស្លាប់ និងជាប់គុក ដូចព្រឹត្តិការណ៍ផ្លូវវេងស្រេង និងស្ពាននាគ ម្តងទៀតហើយ។
«គណបក្សសង្គ្រោះជាតិ ហែញត្តិ គឺចង់បំផ្ទុំហិង្សា បង្កអសន្តិសុខសង្គម ដើម្បីឲ្យមានពលរដ្ឋស្លាប់ និងជាប់គុក ដូចព្រឹត្តិការណ៍ផ្លូវវេងស្រេង និងស្ពាននាគ ។ បច្ចុប្បន្ន បក្សសង្គ្រោះជាតិ ដែលបានអំពាវនាវឲ្យពលរដ្ឋបាតុកម្មមិនទទួលខុសត្រូវ និងមិនជួយឧបត្ថម្ភគ្រួសារពលរដ្ឋ ដែលស្លាប់ និងជាប់គុកទេ»។ នេះជាការលើកឡើងរបស់កញ្ញា ធី សុវណ្ណថា នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។
អតីតសកម្មជនរបស់បក្សប្រឆាំងរូបនោះបានអំពាវនាវ កុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្ម ឬហែញត្តិជាមួយគណបក្សសង្គ្រោះជាតិ ប្រយ័ត្នមានគ្រោះថ្នាក់រងបួស ឬដល់អាយុជីវិត, ព្រោះរាជរដ្ឋាភិបាលមិនអនុញាតឲ្យធ្វើយ៉ាងដូច្នេះទេ នេះជាទង្វើខុសច្បាប់របស់ប្រទេស។
កញ្ញា សុវណ្ណថា បានបញ្ជាក់យ៉ាងដូច្នេះថា «ពិភពលោក និងប្រទេសជិតខាងកម្ពុជា កំពុងមានចលាចល អំពើភេរវកម្ម បំផ្ទុំគ្រាប់បែក និងសង្គ្រាម។ ខ្ញុំចង់ឲ្យកម្ពុជារក្សាសន្តិភាព និងអភិវឌ្ឍន៍ ឲ្យរីកចំរើនបន្ថែមទៀត ខ្ញុំមិនចូលរួមហែញត្តិ រឺបាតុកម្ម ជាមួយបក្សសង្គ្រោះជាតិទៀតទេ»៕
សូមជំរាបថា កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦កន្លងទៅ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានយកដីកាថ្មីមួយទៀត ទៅបិទនៅជញ្ជាំងផ្ទះ របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយក្នុងដីកានោះ កោះហៅលោក កឹម សុខា ចូលសវនាការនៅថ្ងៃទី០៩ ខែកញ្ញា វេលាម៉ោង៨៖៣០នាទីព្រឹក ជាកំហិត ដើម្បីឆ្លើយដោះសារនៅក្នុងសវនាការ៕