(ពិភពលោក)៖ ថ្មីៗនេះពិភពលោកចាប់ផ្តើមបង្កើនការយកចិត្តទុកដាក់ខ្ពស់ទៅលើមេរោគ ហ្ស៊ីកា (Zika) បន្ទាប់ពីមេរោគនេះចាប់ផ្តើមរីករាលសារជាថ្មី ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍យើងតែម្តង។ យ៉ាងនេះមនុស្សមួយចំនួនមិនទាន់ជ្រាបទេថា តើមេរោគនេះចាប់ផ្តើមកើតមាននៅលើពិភពលោកតាំងពីពេលណា? មានប្រភពមកពីអ្វី ? ហេតុអ្វីបានជាវាមានឈ្មោះបែបនេះ?
* អត្ថន័យនៃពាក្យថា ហ្ស៊ីកា
ពាក្យថា ហ្ស៊ីកា ឬ Zika នេះ មានន័យថា «ការដុះលូតលាស់នៃព្រៃយ៉ាងក្រាស់»។ វាសំដៅទៅលើឈ្មោះ ព្រៃ Zika ដែលជាព្រៃត្រូពិក ស្ថិតនៅក្នុងប្រទេស អ៊ូហ្គង់ដា។ អ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះមេរោគនេះថា ហ្ស៊ីកា ដោយសារមូលហេតុដូចខាងក្រោម៖
កាលពីខែមេសា ឆ្នាំ១៩៤៧ អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវអំពីគ្រុនលឿង បានរកឃើញមេរោគម្យ៉ាងក្នុងខ្លួនសត្វស្វាមួយ ប្រភេទឈ្មោះ Rhesus Macaque ដែលរស់នៅក្នុងព្រៃហ្ស៊ីកានេះផ្ទាល់តែម្តង។ សត្វស្វានោះត្រូវបានមនុស្សដាក់នៅក្នុងទ្រុងមួយក្នុងព្រៃហ្ស៊ីកា ក្បែរបឹង Victoria នៃប្រទេស អ៊ូហ្គង់ដា ដើម្បីការពារការឆ្លងរីករាលដាល។ នៅក្នុងឆ្នាំ១៩៤៨ ខណៈដែលអាការៈរោគសត្វស្វានេះ ចាប់ផ្តើមកាន់តែធ្ងន់ធ្ងរ អ្នកស្រាវជ្រាវបានរកឃើញមេរោគថ្មីមួយប្រភេទ នៅក្នុងឈាមរបស់វា ហើយកំណត់ឈ្មោះថា Zika ឬ ហ្ស៊ីកា ទៅតាមឈ្មោះរបស់ព្រៃដែលវារស់នៅតែម្តង។
* ការចម្លងទៅលើមនុស្សជាលើកដំបូងក្នុងឆ្នាំ១៩៥២
គេបានរកឃើញថា មេរោគហ្ស៊ីកា បានឆ្លងទៅកាន់មនុស្ស បន្ទាប់ពីការស្រាវជ្រាវក្នុងប្រទេស អ៊ូហ្គង់ដា និង នីហ្សេរីយ៉ា ក្នុងឆ្នាំ១៩៥២។ ដោយឡែកការស្រាវ ជ្រាវមួយទៀត នៅប្រទេស ឥណ្ឌា តាមរយៈការធ្វើតេស្តទៅលើមនុស្សជាច្រើនក្នុងឆ្នាំ១៩៥២ បានបង្ហាញថា ប្រជាពលរដ្ឋមួយចំនួនមានផ្ទុកមេរោគហ្ស៊ីកានេះ ដែលមានន័យថា មេរោគនេះបានឆ្លងទៅកាន់មនុស្សជាយូរណាស់មកហើយតែមនុស្សមិនបានដឹង។
នៅមុនឆ្នាំ១៩៥៤ គេចាប់ផ្តើមដកយកមេរោគហ្ស៊ីកានេះពីខ្លួនមនុស្ស។ វាត្រូវបានរកឃើញក្នុងឈាមរបស់ក្មេងស្រីម្នាក់ អាយុ១០ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា តែស្ថិតក្នុងដំណាក់កាលជំងឺស្រាលនៅឡើយ ជាមួយនឹងរោគសញ្ញាដូចជា ឈឺក្បាល និងគ្រុនចាញ់។ ប៉ុន្តែជំងឺរបស់នាងក៏បានជាសះស្បើយក្នុងរយៈពេលបីថ្ងៃក្រោយមក។ មេរោគនេះ ត្រូវបានការពារដោយការបង្កើតសេរ៉ូមប្រឆាំងមេរោគ ហ្ស៊ីកា។
* ការរីករាលដាលនៅអាហ្វ្រិក និងអាស៊ីក្នុងអំឡុងឆ្នាំ១៩៥១ ដល់១៩៨៣
សេចក្តីរាយការណ៍ពីសំណាក់បណ្តាប្រទេសនៅអាហ្រ្វិកដូចជា សាធារណរដ្ឋអាម៉េរិកកណ្តាល អេហ្ស៊ីប ហ្គាបុង សេរ៉ាលេអូន តង់ហ្សានី និងអ៊ូហ្គង់ដា ព្រមទាំង ផ្នែកផ្សេងទៀតនៃតំបន់អាស៊ី ដូចជាប្រទេស ឥណ្ឌា ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងប៉ាគីស្ថានពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៨៣ បានបង្ហាញភស្ថុតាង ដែលបញ្ជាក់ថាមនុស្សបានឆ្លងមេរោគហ្ស៊ីកានេះ។ យ៉ាងនេះក្តី ចាប់តាំងពីការរកឃើញមេរោគនេះ រហូតដល់ឆ្នាំ២០០៧ ករណីឆ្លងទាំងនៅតំបន់អាហ្វ្រិក និងអាស៊ីអាគ្នេយ៍ត្រឹមតែ១៤នាក់ប៉ុណ្ណោះ។
* ប្រទេស មីក្រូណេស៊ី ឆ្នាំ២០០៧
កាលខែមេសា ឆ្នាំ២០០៧កន្លងទៅនេះ ការរីករាលនៅក្រៅពីតំបន់អាហ្រ្វិក និងអាស៊ីជាលើកដំបូង បានកើតមានឡើងនៅកោះ Yap ក្នុងប្រទេស ដីកោះម៉ាក្រូណេស៊ី។ ជំងឺនេះបានបញ្ចេញរោគសញ្ញាដូចជា ចេញកន្ទួលលើស្បែក ភ្នែកឡើងក្រហម ឈឺតាមសន្លាក់ ដែលធ្វើឲ្យមនុស្សសន្និដ្ឋានថា ជាជំងឺគ្រុនឈាម ឬជំងឺផ្សេងទៀត។ ប៉ុន្តែបន្ទាប់ពីពិនិត្យឈាមរបស់អ្នកជំងឺ លទ្ធផលបង្ហាញថា ពួកគេមានមេរោគហ្ស៊ីកា។ នៅទីនោះមានករណីឆ្លង៤៩នាក់ ប៉ុន្តែគ្មានវិធានការណ៍ព្យាបាល ដោយសារគ្មានករណីមនុស្សស្លាប់ដោយសារមេរោគនេះឡើយ។ វាជាហេតុជម្រុញឲ្យមនុស្ស មិនបានចាប់អារម្មណ៍ ព្រមទាំងបំភ្លេចបញ្ហានេះចោលមួយរយៈ។
* ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤
នៅរវាងឆ្នាំ២០១៣ និងឆ្នាំ២០១៤ មេរោគនេះបានកើតឡើងជាថ្មីនៅក្នុងប្រទេស ប៉ូលីនេស៊ីបារាំង ប្រទេសដីកោះខុក និងប្រទេស ញ៉ូវកាលេដូនី។
* ទ្វីបអាម៉េរិក និងអាស៊ីអាគ្នេយ៍ ចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន
មេរោគហ្ស៊ីកាចាប់ផ្តើមរីករាលដាលជាថ្មី នៅក្នុងប្រទេស ប្រេហ្សីល កាលពីខែមេសា ឆ្នាំ២០១៥កន្លងទៅនេះ ព្រមទាំងរីករាលដាលទៅកាន់ទ្វីបអាម៉េរិកខាងត្បូង អាម៉េរិកកណ្តាល ប្រទេស ម៉ិចស៊ិក និងប្រទេសការ៉ាបៀន។ កាលពីខែមករា ឆ្នាំ២០១៦កន្លងទៅនេះ អង្គការសុខភាព WHO បានប្រកាសថា មេរោគនេះ បានរីករាលដាលទូទាំងទ្វីបអាម៉េរិក។ តាមការសន្និដ្ឋានបានបង្ហាញថា ប្រជាពលរដ្ឋប្រេហ្ស៊ីលប្រមាណ១,៥លាននាក់ បានឆ្លងមេរោគនេះ ដោយក្នុងចំណោមនោះ មាន៣៥០០ករណី ជួបបញ្ហាទំហំក្បាលតូចជាងធម្មតា ដែលការរីករាលដាលនេះ បានកើតឡើងនៅរវាងខែតុលា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៦។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ សារព័ត៌មាន Reuters បានធ្វើសេចក្តីរាយការណ៍ថា មេរោគហ្ស៊ីកា ត្រូវបានគេរកឃើញក្នុងឈាមរបស់បុរសវ័យចំណាស់ម្នាក់ ក្នុងប្រទេស បង់ក្លាដែស។
ឆ្លើយតបបញ្ហានេះ បណ្តាប្រទេសជាច្រើន បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស។ ការរីករាលដាលនៃមេរោគនេះ បានបង្កផលប៉ះពាល់ជាខ្លាំងដល់វិស័យទេសចរណ៍។ ប្រទេសមួយចំនួនតូច បានដាក់ចេញនូវវិធានការណ៍ចម្លែក ដោយបានផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋជាស្ត្រីពន្យាពេលពរពោះ ដោយរងចាំរហូតដល់មនុស្សអាចយល់ច្បាស់ពីមេរោគហ្ស៊ីកា និងផល ប៉ះពាល់របស់វាជាមុនសិន។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនារដូវក្តៅ កាលពីឆ្នាំ២០១៦កន្លងទៅនេះ ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុង Rio de Janeiro ប្រទេស ប្រេហ្ស៊ីល រដ្ឋមន្ត្រីក្រសួងសុខាភិបាលទូទាំងពិភពលោក បានបង្ហាញក្តីបារម្ភខ្ពស់ទាក់ទងនឹងបញ្ហានេះ ដោយខ្លាចប្រជាពលរដ្ឋប្រេហ្ស៊ីល ក៏ដូចជា អត្តពលិកអន្តរជាតិ និងអ្នកទេសចរណ៍ដែលមិនបានយល់ដឹងច្បាស់ពីមេរោគនេះ ហើយចម្លងមេរោគទៅកាន់ប្រទេសកំណើតរបស់ខ្លួន។
យ៉ាងនេះក្តី បណ្តាអ្នកស្រាវជ្រាវមួយចំនួនបានសន្និដ្ឋានថា មានអ្នកទេសចរណ៍ប្រមាណត្រឹមពីរនាក់ប៉ុណ្ណោះ ដែលមានឆ្លងមេរោគនេះ ក្នុងអំឡុងនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ដែលមានរយៈពេលបីសប្តាហ៍ ឬ អត្រាឆ្លងមានប្រហែលត្រឹម៣,២នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកទេសចរណ៍១០០ពាន់នាក់។
សូមជម្រាបថា បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍បានបង្កើន ក្តីបារម្ភខ្ពស់ ព្រមទាំងក្រើនរំលឹកដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីមេរោគនេះកំពុងឆ្លងរីករាលដាលគួរឲ្យកត់សម្គាល់នៅក្នុងប្រទេស សិង្ហបុរី ម៉ាឡេស៊ី និងថៃជាដើម៕