(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងថា ការរាតត្បាតជំងឺកូវីដ១៩ បានបង្ហាញឱ្យឃើញពីចំណុចខ្លាំង និងចំណុចខ្វះខាតក្នុងវិស័យសុខាភិបាលរបស់កម្ពុជា ដែលត្រូវពង្រឹងនិងកែល្អ។

ចំពោះចំណុចខ្លាំង សម្តេចបានបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការរីករាលនៃជងឺកូវីដ១៩ បានបង្ហាញឱ្យឃើញសមត្ថភាពជា ក់ស្តែងរបស់ពេទ្យរបស់កម្ពុជា រួមទាំងមន្ត្រីបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ព្រោះដំណាក់កាលនោះ ជាដំណាក់កាលដែលខ្លួនទីពឹងខ្លួន ប្រទេសនិមួយៗត្រូវប្រមូលកម្លាំងសរុប ជាពិសេសក្នុងវិស័យសុខាភិបាល ដើម្បីដោះស្រាយបញ្ហាចំពោះមុខក្នុងប្រទេសរបស់ខ្លួន មិនងាយប្រទេសណា ដែលអាចបញ្ជូនពេទ្យឆ្លងព្រំដែន ទៅជួយអ្នកផ្សេងបានទេ។

សម្តេចនាយករដ្ឋមន្ត្រីបន្តទៀតថា ដំណាក់កាលនោះដែរ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អាចឱ្យកម្ពុជាគ្រប់គ្រងកូវីដ១៩ ដោយប្រសិទ្ធភាពខ្ពស់។ ពិតណាស់យើងមានអ្នកឆ្លងជាង ១៣ម៉ឺននាក់ ហើយអ្នកស្លាប់ជាង ៣ពាន់នាក់ ប៉ុន្តែបើសិនជាសមត្ថភាពសុខាភិបាលរបស់យើង មិនមានគ្រប់គ្រាន់ទេ សម្តេចគិតថា មិនមែនមានអ្នកស្លាប់ត្រឹមតែ ៣ពាន់នាក់នេះនោះទេ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានចូលប្រឡកផ្ទាល់ខ្លួនឯង យើងឃើញថាជាពិសេសក្នុងដំណាក់កាលជំងឺដែលឈឺធ្ងន់ ពេទ្យរបស់យើង គឺមានសមត្ថភាពក្នុងការជួយសង្គ្រោះបានច្រើ​ន ជាអកុសលយើងមិនអាចសង្គ្រោះបាន១០០% ប៉ុន្តែសមត្ថភាពនឹងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្តេជ្ញាចិត្តរបស់បងប្អូន [ពេទ្យ] គឺបានបង្ហាញនូវសមត្ថភាពជាក់ស្តែងរបស់យើងមួយកម្រិត ហើយនេះ គឺជាមោទនភាព ហើយមោទនភាពសម្រាប់កងទ័ពអាវស ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណ និងកោតសរសើរជាថ្មីម្តងទៀត»

សម្រាប់ចំណុចខ្វះខាតវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ការរាតត្បាតជំងឺកូវីដ១៩ ក៏បានបង្ហាញឱ្យឃើញកង្វះខាតមួយចំនួន ក្នុងវិស័យសុខាភិបាលរបស់កម្ពុជាផងដែរ ដែលត្រូវកែលម្អ ជាពិសេសពាក់ព័ន្ធនឹងការកសាងធនធានមនុស្ស ការពង្រាយធនធានមនុស្ស ឧបករណ៍ សម្ភារៈបរិក្ខា ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយដឹកជញ្ជូន ក្នុងវិស័យសុខាភិបាល។

សម្តេចបន្តថា ដោយទទួលបានបទពិសោធន៍ និងការប្រឈមនេះហើយ ទើបរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវវិធានការគន្លឹះ ដើម្បីពង្រឹកវិស័យសុខាភិបាលកម្ពុជា។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៩,០៩៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,០៤០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕