(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា នៅពេលចូលរៀនពេទ្យមិនអាចសុំជាប់ដោយមិនប្រលងនោះឡើយ ព្រោះការប្រឡងនេះគឺជួយយើងនៅពេលដែលយើងចេញទៅធ្វើការ ព្រោះយើងត្រូវចេញព្យាបាលមនុស្ស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ដូចនេះ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការបណ្តុះបណ្តាលនេះត្រូវយកចិត្តទុកដាក់ទៅលើគុណភាពនៃការអប់រំ និងគុណភាពសិស្ស ហើយរៀនពេទ្យគួរឱ្យតឹង ហើយខ្ញុំសុំស្នើសុំឱ្យក្មួយៗ ប្អូនៗនិស្សិតពេទ្យកុំសុំជាប់ដោយមិនប្រឡងអី ព្រោះប្រឡងនេះជួយយើងនៅពេលដែលយើងទៅធ្វើការ ដូចខ្ញុំថា រៀនពេទ្យជាសេនាឱ្យទេវតា ត្រូវព្យាបាលមនុស្សឱ្យចំកុំឱ្យធ្វើអីខុសពីបំណងរបស់យើងទាំងសមត្ថភាពយើងមាន»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា បើនៅក្នុងកងទ័ពជំនាញត្រូវឱ្យច្បាស់ជាក់ស្តែងដូចជា ជំនាញដោះមីន បើហ៊ានដោះមីនហើយបើដោះខុសនឹងផ្ទុះស្លាប់ ហើយស្លាប់ដល់ខ្លួនឯងទៀត ហើយពេទ្យក៏ដូចគ្នាដែរគឺត្រូវការច្បាស់លាស់ ចឹងសុំឱ្យមានការប្រឡងឱ្យបានច្បាស់លាស់។ សម្តេចអះអាងថា សម្តេចមើលឃើញកូនសិស្សប្រឡងសុទ្ធតែមានសមត្ថភាពពូកែៗណាស់ ហើយការប្រឡងបានពិន្ទុសុទ្ធតែខ្ពស់តែម្តង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជំនាញពេទ្យត្រូវតែជំនាញខាងវិភាគជំងឺឱ្យបានច្បាស់លាស់ មិនមែនពូកែដោយសារទន្ទេញនោះទេ ព្រោះស្ថានភាពជំងឺមិនដូចគ្នាទេ អ្នកជំងឺ មានជំងឺដូចគ្នាប៉ុន្តែអាចខុសគ្នាតិចតួច អាចធ្វើឱ្យយើងវាយតម្លៃខុស ដូចនេះហើយធ្វើយ៉ាងណាគឺត្រូវធានាគុណភាពនេះឱ្យបានដើម្បីធ្វើការងារ ហើយការបណ្តុះបណ្តាលក៏ត្រូវមានស្តង់ដារច្បាស់លាស់តាមសាលាមួយៗផងដែរ៕