(ភ្នំពេញ)៖ ពីលើវេទិកាក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ត្រូវឈរលើអភិក្រមចំនួនពីរ គឺពីក្រោមឡើងលើ និងពីលើចុះក្រោម។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ដើម្បីអភិវឌ្ឍន៍សង្គមជាតិបន្ដទៅមុខទៀត រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកិច្ចការពីរគ្រប់វិស័យទាំងអស់ ក្នុងនោះរួមមាន ការពង្រីកសមិទ្ធផលជាវិជ្ជមានបន្ដទៀត និងកាត់បន្ថយនូវចំណុចអវិជ្ជមាន ដែលមានកន្លងមក។ ដោយឡែក សម្រាប់វិស័យសុខាភិបាល ចំពោះការបង្កើនសមិទ្ធផលវិជ្ជមាន គឺបង្កើនសមត្ថភាពផ្ដល់សេវាសុខាភិបាលឲ្យកាន់តែមានគុណភាព និងភាពកក់ក្ដៅជូនប្រជាពលរដ្ឋនៅគ្រប់កន្លែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងកិច្ចការងារបង្កើនសមិទ្ធផលវិជ្ជមានក្នុងវិស័យសុខាភិបាល យើងផ្ដោតទៅលើការពង្រឹងសមត្ថភាពនេះ គួរធ្វើតាមអភិក្រមពីរ។ អភិក្រមពីក្រោមឡើងលើ និងអភិក្រមពីលើចុះក្រោម»។

ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានពន្យល់ថា អភិក្រមពីក្រោមឡើងលើសម្ដៅដល់ សម្រាប់ការពង្រឹងសមត្ថភាពការផ្ដល់សេវាមូលដ្ឋានកម្រិតបឋម តាមរយៈការពង្រឹងអង្គភាពសុខាភិបាលពីមូលដ្ឋានកម្រិតទាប ទៅខ្ពស់។ ក្នុងនោះទិសដៅវិធានទី១ ពង្រឹងមណ្ឌលសុខភាព លើដល់ពេទ្យបង្អែកស្រុក គឺជាកិច្ចការចាំបាច់ ដោយរួមបញ្ចូលទាំងបរិមាណ និងគុណភាពគ្រូពេទ្យ ព្រមទាំងបរិមាណគុណភាពថ្នាំ និងសម្ភារបរិក្ខាពេទ្យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ចំពោះអភិក្រមពីលើចុះក្រោម ដោយត្រូវអនុវត្តជាជំហានៗក្នុងពង្រឹងពីលើចុះក្រោម សំដៅដល់ការធ្វើទំនើបកម្ម និងធ្វើពិពិធកម្មសមត្ថភាពព្យាបាលជំងឺកម្រិតខ្ពស់របស់គ្រូពេទ្យនៅថ្នាក់ជាតិ តំបន់ និងខេត្ត។ ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្ដកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យនេះជាបន្ដបន្ទាប់ផងដែរ។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងទៀតថា ទៅថ្ងៃមុខរាជរដ្ឋាភិបាល នឹងបង្កើតមន្ទីរពេទ្យតំបន់នៅកន្លែងផ្សេងៗទៀត ព្រោះដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ គឺរដ្ឋត្រូវតែហ៊ានវិនិយោគ៕