(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល គឺជាកិច្ចការដ៏ចាំបាច់ ដូច្នេះត្រូវមានស្ដង់ដាបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់។
ការថ្លែងបែបនេះរបស់សម្ដេចធិបតីធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតីបានថ្លែងថា «ការកសាងធនធានមនុស្សសម្រាប់បម្រើក្នុងវិស័យសុខាភិបាល ស្ថាប័នរដ្ឋ (ក្រសួងអប់រំ និងក្រសួងសុខាភិបាល) ត្រូវគិតអំពីការបំពេញនិងថែរក្សាបុគ្គលិកសុខាភិបាល ក្នុងនោះត្រូវគិតគូរពីការបណ្ដុះបណ្ដាល»។
សម្ដេចបានបន្តថា ការបណ្ដុះបណ្ដាលចេញពីសាលា ក៏មានមួយផ្នែកចេញពីសាលារដ្ឋដែរ។ ទោះបីនៅសាលាក្រហមក្ដី សាលា IU ក្ដី សាលាណាក៏ដោយ ចេញមកក៏មានសមត្ថភាពប្រឡងចូលក្របខណ្ឌរដ្ឋតាមប្រព័ន្ធជ្រើសរើសមន្ត្រីដូចគ្នា។ ដូច្នេះការបណ្ដុះបណ្ដាលនេះ ត្រូវយកចិត្តទុកដាក់លើគុណភាពការអប់រំ។ រៀនពេទ្យគួរឱ្យប្រកាន់វិន័យតឹងរឹង។
សម្ដេចធិបតីបានស្នើដល់និស្សិតពេទ្យ កុំសុំជាប់ដោយមិនប្រឡង ព្រោះការប្រឡងជួយនិស្សិតនៅពេលចូលធ្វើការ ពេទ្យជាសេនារបស់ទេវតាក្នុងការព្យាបាលមនុស្សឱ្យចំជំងឺ រោគសញ្ញា។ ពេទ្យត្រូវការច្បាស់លាស់....ត្រូវធានានូវគុណភាពនេះឱ្យបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការបណ្ដុះបណ្ដាលត្រូវមានស្ដង់ដាឱ្យបានច្បាស់លាស់នៅតាមសាលា សាលាត្រូវបានឧបករណ៍អនុវត្តឱ្យបានច្រើនគ្រប់គ្រាន់ ព្រោះរៀនពេទ្យមិនត្រឹមតែចេះតែទ្រឹស្ដីប៉ុណ្ណោះទេ ត្រូវចេះអនុវត្តឱ្យបានច្បាស់៕