(សៀមរាប)៖ ឆ្លៀតថ្ងៃឈប់សម្រាកទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះពិនិត្យទីតាំងសាងសង់ស្នាក់ការអនុសាខាកាកបាតក្រហមកម្ពុជាស្រុកពួក ជាពិសេសនោះ គឺបន្តចុះពិនិត្យស្ថានភាពស្រូវពង្រោះដែលជួបគ្រោះរាំងស្ងួតត្រូវស្វិតស្រពោនជិត៦០០ហិកតា នៅឃុំព្រៃជ្រូក ស្រុកពួក ប៉ុន្តែនៅពេលនេះ ដំណាំស្រូវបានលូតលាស់យ៉ាងស្រស់បំព្រង បន្ទាប់ពីលោកអភិបាលខេត្ត បានជួយអន្តរាគមន៍ទាន់ពេលវេលាមក។
មន្រ្តីសាលាខេត្តសៀមរាប បានឲ្យដឹងថា កាលពី២សប្តាហ៍មុន ក្រុមការងារបានចាប់ផ្តើមអន្តរាគមន៍ ស្តារប្រឡាយចាស់សងខាងផ្លូវប្រវែងសរុប៤គីឡូម៉ែត្រ ពីជើងទៅត្បូងដោយប្រើអេស្កាវ៉ាទ័រចំនួន៣គ្រឿង និងគួបផ្សំការប្រើកម្លាំង ព្រមទាំងដាក់ម៉ាស៊ីបូមទឹកចំនួន២គ្រឿង មានបំពង់បង្ហូរ 0,3ម៉ែត្រ ដើម្បីទាញទឹកស្រោចស្រព្វ និងជួយសង្គ្រោះស្ថានភាពនេះ។
តាមការចុះពិនិត្យជាក់ស្តែងនៅថ្ងៃនេះ យើងសង្កេតឃើញថា ស្រូវពង្រោះទាំងអស់នោះមានទឹកគ្រប់គ្រាន់ និងមាការលូតលាត់ខៀវខ្ចីវិញហើយ។ នៅក្នុងឱកាសនេះ លោកបណ្ឌិតអភិបាលខេត្ត បានណែនាំទៅលោកមេឃុំ ឲ្យប្រាប់ប្រជាពលរដ្ឋយើង ឲ្យចេះប្រើប្រាស់ទឹក គ្រប់គ្រងទឹក និងចាត់ចែងឲ្យមានប្រសិទ្ធភាព សមធម៌ និងមានចីរភាព។
ជាការឆ្លើយតបវិញ លោកមេឃុំបានប្រាប់ថា «ប្រជាពលរដ្ឋយើងបានជីកស្រះដើម្បីទទួលទឹកដែលហូរទៅពីខាងលើសម្រាប់ប្រើប្រាស់ ពេលដែលរាំងស្ងួតនៅរដូវប្រាំង។ យើងខិតខំធ្វើយ៉ាងណាឲ្យមានការតភ្ជាប់ពីប្រឡាយមួយទៅប្រឡាយមួយបាន ដើម្បីរក្សាទឹកនៅតាមប្រឡាយទាំងរដូវប្រាំង អាចឲ្យប្រជាជនយើងអាចធ្វើស្រែបានទាំងប្រាំង និងវស្សា»៕