(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាតរបស់ក្រសួងសុខាភិបាល៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិនៃជំងឺកូវីដ១៩ នេះបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យសុខាភិបាលរបស់យើង ដែលទាមទារឱ្យមានការពង្រឹងភាពធន់ នៃប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែង ឬ គ្រោះអាសន្នផ្នែកសុខភាពសាធារណៈណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុ នាពេលអនាគត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរាតត្បាតជំងឺកូវីដ១៩ បានបង្ហាញឱ្យឃើញពីសមត្ថភាពគ្រូពេទ្យ និងវិស័យសុខាភិបាលរបស់កម្ពុជា ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរាតត្បាតជំងឺកូវីដ១៩ ក៏បានបង្ហាញឱ្យឃើញកង្វះខាតមួយចំនួនក្នុងវិស័យសុខាភិបាលរបស់កម្ពុជាផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងវិស័យសុខាភិបាល ឈរលើអភិក្រមចំនួនពីរ គឺពីក្រោមឡើងលើ និងពីលើចុះក្រោម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងពីក្រោមទៅលើ គឺការពង្រឹងសេវាមូលដ្ឋាន សេវាបឋម សេវាបញ្ជូន បំពេញគ្រូពេទ្យ ពង្រឹងគុណភាពថ្នាំ និងបរិក្ខារពេទ្យជាដើម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងពីលើចុះទៅក្រោម គឺការធ្វើទំនើបកម្មឧបករណ៍ពេទ្យ និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យ នៅថ្នាក់ជាតិ តំបន់ និងខេត្ត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួយរបស់ជប៉ុនប្រមាណ ១៥០លានដុល្លារ នឹងសាងសង់មន្ទីរពេទ្យតំបន់នៅកំពង់ចាម និងសៀមរាប ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅថ្ងៃមុខរាជរដ្ឋាភិបាល នឹងបង្កើតមន្ទីរពេទ្យតំបន់នៅកន្លែងផ្សេងៗទៀត។ សម្តេចធិបតី បន្តថា ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ គឺត្រូវតែហ៊ានវិនិយោគ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល គឺជាកិច្ចការដ៏ចាំបាច់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចូលរៀនពេទ្យមិនអាចសុំជាប់ដោយមិនប្រលងនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំវ៉ៃអួ គ្រូពេទ្យខ្លះមិនល្អ តែគ្រូពេទ្យច្រើនណាស់មានវិជ្ជាជីវៈល្អ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការវិភាគមុខងារច្បាស់លាស់ ត្រូវបន្តពិនិត្យកែសម្រួលតួនាទី និង រៀបចំរចនាសម្ព័ន្ធក្រសួង និង អង្គភាពសុខាភិបាល ស្របតាមរបត់ ថ្មីនៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងសុខាភិបាល ត្រូវបន្តធ្វើបរិវត្តកម្មប្រព័ន្ធ និង កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល, ព្រមទាំងវិធីសាស្ត្របង្រៀនសម្រាប់ការបណ្តុះបណ្តាលមូលដ្ឋាន និង ការបណ្តុះបណ្តាលបន្ត តាមអភិក្រមប្រាកដនិយមមួយ ដែលផ្តោតលើការកសាងចំណេះដឹង ជំនាញ និង ពហុជំនាញពិតប្រាកដ ព្រមទាំងការបណ្តុះវប្បធម៌នៃការប្រតិបត្តិក្រមសីលធម៌ល្អ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធ ផ្តល់សេវាថែទាំសុខភាព នៅផ្នែកសាធារណៈ និង ឯកជន និង ផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការកសាង និង ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដែល មានចំណេះដឹងខ្ពស់ ជំនាញពិតប្រាកដ និងក្រមសីលធម៌ល្អនៅបច្ចុប្បន្នកាល និងសម្រាប់ពេលអនាគត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល ដើម្បីក្លាយទៅជាសេវាថែទាំសុខភាពឱ្យទៅជាសេវា ដែលផ្តោតលើប្រជាជន តាមរយៈការចាប់យកការសម្រប និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសមានគតិភាព និងប្រសិទ្ធផលដោយសហការជាមួយ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល ដែលដំណើរការប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរព ស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៤៖៣០នាទីនាល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕