(សៀមរាប)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សាលាកំរើក បានបើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ហើយបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ស្នងការរងនគរបាលខេត្តសៀមរាប និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរ៉ា បានប្រាប់ថា សម្រាប់ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដែលបានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ស្ថិតនៅភូមិ៦ សង្កាត់ចុងឃ្មៀស និងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាបខាងលើនេះ កម្លាំងនគរបាលរបស់លោក បានធ្វើការដកហូតថ្នាំញៀនចំនួន១៨កញ្ចប់ កាំភ្លើងម៉ាក M79មួយដើម សម្ភារសម្រាប់វេចខ្ចប់មួយចំនួន ទូរស័ព្ទដៃ៥គ្រឿង និងម៉ូតូ១គ្រឿងផងដែរ។ លោកឧត្តមសេនីយ៍ស្នងការរង បានបន្តថា ក្រោយពីទទួលបានព័ត៌មានពីសកម្មភាពជួញដូរគ្រឿងញៀនខាងលើនេះ កម្លាំងនគរបាលជំនាញរបស់លោក សហការជាមួយនគរបាលមូលដ្ឋានក្រោមការបញ្ជាផ្ទាល់ពី លោក ឃឹម ប៊ុនសុង ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ស្នងការ ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតចុះបង្ក្រាបជាក់ស្តែង និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ព្រមទាំងដកហូតវត្ថុតាងទាំងនេះតែម្តង។ សម្រាប់ជនសង្ស័យទាំង៦នាក់នេះរួមមាន៖
ទី១- ឈ្មោះ ព្រិច សុភ័ស មុខរបរសន្ដិសុខ មានស្រុកកំណើតនៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល
ទី២- ឈ្មោះ គល់ ចំណាន មុខរបរសន្ដិសុខ មានស្រុកកំណើតនៅក្នុងភូមិវាល សង្កាត់ស្លក្រាម ខេត្តសៀមរាប
ទី៣- ឈ្មោះ ឆោម អូនដែន មុខរបរលក់ដូរ មានស្រុកកំណើតនៅក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប
ទី៤- ឈ្មោះ ពៅ សុភ័ក្រ ហៅខូចរឹមអូន មុខរបរលក់ដូរ និងជួសជុលទូរស័ព្ទដៃ មានស្រុកកំណើតនៅក្រុមទី៤ ភូមិភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប
ទី៥- ឈ្មោះ មឿន រ៉ាឌី មុខរបរនៅផ្ទះ មានស្រុកកំណើតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប
ទី៦- ឈ្មោះ ទួនភឿន ចំរើនរិទ្ធ មុខរបរជួសជុលទូរស័ព្ទដៃ មានស្រុកកំណើតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕