(ក្រចេះ)៖ លោក ភីម ភីរ៉ា អភិបាលរង តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង លោកស្រី ធីន សុធី ជាអភិបាលរងស្រុកឆ្លូង។ ពិធីនេះ ក៏មានការចូលរួមពីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមេឃុំក្នុងមូលដ្ឋានស្រុកឆ្លូង។

បន្ទាប់ពីការប្ដេជ្ញាចិត្តរបស់លោកស្រីអភិបាលរងស្រុក ដែលទើបប្រកាសចូលកាន់តំណែង លោកអភិបាលរងខេត្តក្រចេះ បានរំលឹកទៅដល់មន្ត្រីទាំងអស់ ត្រូវធ្វើការងារដោយប្រឹងប្រែងរៀន សូត្រកុំឲ្យប្រចាំគ្នាក្នុងការបំពេញតួនាទីនៅតាមមូលដ្ឋាននីមួយៗ។ មុននឹងចុះហត្ថលេខាលើលិខិត ស្នាមណាមួយ បើមិនយល់ត្រូវសួរថ្នាក់ដឹកនាំ សួរមន្ត្រីជំនាញណាដែលមានបទពិសោធន៍ លើការងារទាំងនោះ ដើម្បីការពារកុំឲ្យមានបញ្ហា ជាប់ឈ្មោះជាប្រវត្តិសាស្ត្រ ទាំងបញ្ហាដីធ្លីក៏ដោយឯកសារផ្លូវច្បាប់គតិយុត្តក៏ដោយ។

ចំពោះការផ្ដល់សេវានៅមូលដ្ឋានឃុំចំនួន១៣សេវា បានអនុវត្តកន្លងទៅបានល្អប្រសើរហើយ ប៉ុន្តែសុំបន្តការងារនេះ ជាពិសេសសម្រាប់អត្រានុកូលដ្ឋានជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវពិនិត្យឲ្យម្មត់ចត់មុន និងការផ្ដល់សេវាជូនពួកគាត់ឲ្យបានទាន់ពេលវេលា សេចក្តីចម្លងបញ្ជាក់កំណើត សេចក្តីចម្លងបញ្ជាក់អាពាហ៍ពិពាហ៍ សេចក្តីចម្លងបញ្ជាក់មរណភាព និងមិនត្រូវបានយកប្រាក់ពីប្រជាពលរដ្ឋនោះឡើយ។

លោកអភិបាលរង បានសង្កត់ធ្ងន់ថា «មន្ត្រីនៅតាមមូលដ្ឋានរបស់យើងត្រូវ តែផ្លាស់ប្ដូរអារិយបទ ដូច្នេះតាមរយៈការប្រជុំក្រុមប្រឹក្សាត្រូវហៅភាគីពាក់ព័ន្ធទាំងអស់ឲ្យចូលរួមដើម្បី ស្ដាប់មតិយោបល់ និងរួមគ្នាដោះស្រាយរាល់កិច្ចការងារ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ពិសេសពាក់ព័ន្ធនឹងយន្តការពិគ្រោះយោបល់ស្ត្រី និងកុមារ និងការងារអប់រំនៅមូលដ្ឋាន»

លោកបានស្នើឲ្យការិយាល័យផែនការគាំទ្រឃុំជួយអភិបាល ហើយអភិបាលរងទទួលបន្ទុកផ្នែកនីមួយៗ ត្រូវតែរាយការណ៍ប្រចាំខែពីព្រោះនេះ ជាការងារស្នូលសំខាន់សម្រាប់មូលដ្ឋានឃុំ សង្កាត់នីមួយៗ ត្រូវតែយកចិត្តទុកដាក់ និងអនុវត្តឲ្យបានល្អប្រសើរ ដើម្បីឲ្យការងារនៅតាមឃុំសង្កាត់ ដំណើរការអភិវឌ្ឍហើយបានល្អប្រសើរជាងនេះ។

ពាក់ព័ន្ធការចម្លងបញ្ជាក់កំណើតចុះឈ្មោះ ត្រូវជំរុញឲ្យកូនចៅពួកគាត់ចុះឈ្មោះចូលរៀន និងត្រូវជំរុញសេវាទៅកៀកដល់តាមក្នុងផ្ទះប្រជាពលរដ្ឋ ដើម្បីឲ្យកូនចៅរបស់ពួកគាត់បានចូលរៀនសូត្រជាផ្នែកមួយយ៉ាងសំខាន់ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ក្រៅពីនោះត្រូវជំរុញឲ្យអាជ្ញាធរស្រុកឃុំសង្កាត់បន្តផ្សព្វផ្សាយនៅតាមមូលដ្ឋាន និងស្រាវជ្រាវសិស្សក្រីក្រ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យយុវជននៅតាមមូលដ្ឋាន ដែលអត់មានការងារធ្វើទៅរៀនសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដែលមានទីតាំងនៅក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ ដែលមុខជំនាញនោះក៏មានការឧបត្ថម្ភសម្រាប់សិស្ស ដែលទទួលការបណ្ដុះបណ្ដាលជួយថវិកាម្នាក់២៨ម៉ឺនរៀល ក្នុងមួយខែ៕