(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា ការចុះអនុវត្តវិធានការច្បាប់ ការពារដីរដ្ឋដែលបានចុះបញ្ជីរួចកាលពីពេលថ្មីៗ នៅស្រុកគូលែន គឺអាជ្ញាធរ និងសមត្ថកិច្ច អនុវត្តតែជនហិង្សា ដែលបានប្រអំពើហិង្សា និងប្រដាប់ដោយអាវុធមកលើអាជ្ញាធរតែប៉ុណ្ណោះ។

ការថ្លែងរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញបើកសន្និសីទសារព័ត៌មានមួយ ស្ដីពីការចុះអនុវត្តវិធានការផ្លូវច្បាប់ក្នុងការការពារដីរដ្ឋដែលបានចុះបញ្ជីរួច និងប្រគល់សិទ្ធវិនិយោគទៅឲ្យក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ដែលស្ថិតក្នុងភូមិសាស្ដ្រឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមតំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល លោកអភិបាលរងខេត្តព្រះវិហារ លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពអ្នកពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

លោក គីម រិទ្ធី បានថ្លែងថា ក្រុមហ៊ុន សិលាដាមុិច បានចុះបញ្ជីដីរដ្ឋនៅឆ្នាំ២០១៧ ចំនួន៦៣៧១ហិកតា លើដីសរុប៩០០០ហិកតា ហើយបានកាត់ឃ្វៀលនៅឆ្នាំ២០១២ ចំនួន២៤៤០ហិកតា ជូនប្រជាពលរដ្ឋចំនួន ៧៧០គ្រួសារ តាមរយះរូបមន្តស្បែកខ្លា និងបានបំរុងដីទុកជាដីសម្បទានសង្កមកិច្ចចំនួន១៨២ហិកតា ទុកជូនប្រជាពលរដ្ឋក្រីក្រ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ទៀតថា ដីរដ្ឋដែលបានចុះបញ្ជីរួចនៅក្រុមហ៊ុនសិលាដាមុិច ត្រូវបានប្រជាពលរដ្ឋចូលរុករានទន្ទ្រានយកចំនួន២លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០២១-២០២២ ដោយមានមេខ្យល់ជាអង្គការចាត់តាំងច្បាស់លាល់នៅពីក្រោយខ្នង តែអាជ្ញាធរនិងសមត្ថកិច្ច មានវិធានការធ្វើឱ្យពួកគាត់ចាកចេញដោយសន្តិវិធី។ប៉ុន្តែនៅអំឡុងឆ្នាំ២០២៣ ស្របពេលយុទ្ធនាការបោះឆ្នោត ប្រជាពលរដ្ឋទាំងនោះបានត្រឡប់មកវិញដែលដឹកនាំដោយមេខ្យល់ ហើយអាជ្ញាធរខេត្ត រដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម បានអប់រំណែនាំឱ្យពួកកាត់ចាកចេញ ក្នុងនោះមួយចំនួនក៏បានចាកចេញ និងមួយចំនួនទៀតមិនព្រមចាកចេញ។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាន លោក គីម រិទ្ធី ក៏បានថ្លែងបញ្ជាក់ថា មុននឹងការចុះចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ទាំងនេះ គឺអាជ្ញាធរខេត្តបានធ្វើវិធានការរដ្ឋបាលជាច្រើនខែរួចមកហើយ ហើយក៏បានហៅក្រុមទាំងនេះមកធ្វើការប្រជុំអប់រំណែនាំ ឲ្យចាកចេញដោយសន្ដិវិធីជាច្រើនលើកច្រើនសារ មិនតែប៉ុណ្ណោះអាជ្ញាធរក៏បានទុកឱកាសរយៈពេល១០ថ្ងៃ មុនការចុះអនុវត្តច្បាប់ទាំងរដ្ឋបាលស្រុកគូលែន និងមន្ទីរកសិកម្មខេត្ត បានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់សារជាសម្លេងថែមទៀត ក្នុងនោះមានបុគ្គលមួយចំនួនបានសហការរុះរើចាកចេញ និងនៅមួយចំនួនធំដែលចាញ់បោក តាមការអូសទាញ ដែលមានមេក្លោង មានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានអង្គការចាត់តាំង នៅតែរឹងទទឹងមិនព្រមចាកចេញ ហាក់បីដូចជាចង់យកតំបន់នោះធ្វើជាតំបន់អប្បគមន៍។

លោកថា ប្រតិបត្តិការចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ មនុស្សចំនួន៣៣នាក់ត្រូវបានឃាត់ខ្លួន ដោយ៦នាក់បានធ្វើការអប់រំនឹងឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំណែកអ្នកតបត ជាមួយកម្លាំងសមត្ថកិច្ចដោយប្រើប្រាស់មធ្យោបាយផ្សេងៗ មានដូចជា កាំបិត ផ្គាក់ ពូថៅ ចំពាមកៅស៊ូ និងដបសាំងគប់មកលើសមត្ថកិច្ចជាដើម ត្រូវបានអនុវត្តទៅតាមច្បាប់។

លោកថា ការអនុវត្តច្បាប់របស់សមត្ថកិច្ខ គឺយើងមិនបានប្រអំពើហឹង្សាលើប្រជាពលរដ្ឋនោះទេដោយការចោទប្រកាន់នោះទេ គឺសមត្ថកិច្ចប្រើសិទ្ធក្នុងការការពារខ្លួនដោយគប់គ្រាប់បែកផ្សែង ដើម្បីបំបែកក្រុមអនាធិបតេយ្យទាំងនោះ។

ដោយឡែកចំពោះការស្លាប់របស់ស្ត្រីម្នាក់ដោយសារជម្លោះក្នុងគ្រួសារ រហូតផឹកថ្នាំស្មៅសម្លាប់ខ្លួនឯងនោះ លោក គីម រិទ្ធី ថា ពុំមានការពាក់ព័ន្ធនឹងករណីអនុវត្តវិធានការច្បាប់របស់កម្លាំងចម្រុះនោះទេ ហើយក្រុមគ្រួសាររបស់គាត់ ក៏ពុំបានរត់ចូលទៅរស់នៅក្នុងព្រៃគេចខ្លួនពីការតាមចាប់នោះទេ ចំណែកជីវភាពគ្រួសារក៏គាត់មានផ្ទះធំ មានដីអាស្រ័យផលដូចប្រជាពលរដ្ឋទូទៅដែរ។

លោកក៏អំពាវនាវប្រជាពលរដ្ឋ ដែលព័ត៍មានបានផ្សាយថាកំពុងរត់គេចខ្លួននៅក្នុងព្រៃនោះ សូមអញ្ជើ្តញវិលត្រឡប់មករស់នៅក្នុងភូមិវិញ ដើម្បីកុមារមានសិទ្ធិសេរីភាពបានចូលរៀនសូត្រ ហើយសូមកុំយកកុមារ និងស្ត្រីធ្វើជាចំណាប់ខ្មាំង៕