(ព្រះវិហារ)៖ រថយន្តសណ្តោងរ៉ឺម៉ក១គ្រឿង ដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវបានក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលចរាចរណ៍ខេត្ត បានធ្វើការឃាត់ និងបញ្ជូនមកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោក ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសហការជាមួយ កម្លាំងអាវុធហត្ថខេត្ត នគរបាលចរាចរណ៍ខេត្ត បានឃាត់រថយន្តសណ្តោងរុឺម៉ក១គ្រឿង ម៉ាកHYUNDAI ក្បាលសណ្តោងពណ៌ស និងកន្ទុយសណ្តោងពណ៌ខៀវ ពាក់ស្លាកលេខត្បូងឃ្មុំ 4A-1239 បើកបរដោយឈ្មោះ យឺន ចាន់ណាន ភេទប្រុស។

លោកប្រធានមន្ទីរ បានថ្លែងថា រថយន្តសណ្តោងរុឺម៉កដែលក្រុមការងារឃាត់ក្រោយពិនិត្យឃើញថា បំពាក់ស៊ីផ្លេរកែច្នៃខុសលក្ខណៈបច្ចេកទេស និងតទ្រុងយានយន្តទៅខាងលើរថយន្តខុសលក្ខណៈបច្ចេកទេស លើសរហូត០.៥៥ម៉ែត្រ ដោយឡែកចំពោះឯកសាររថយន្តផ្ទៀងផ្ទាត់ពិនិត្យឃើញថាត្រឹមត្រូវ។

លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ថា ក្រុមការងារក៏បានធ្វើការអប់រំ ណែនាំ ដោយពន្យល់ពីបញ្ហាផ្លូវច្បាប់ពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាបទបញ្ជាលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំពោះវិធានការដែលត្រូវអនុវត្តលើរថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស។

លោកថា ក្រោយពីបានស្តាប់ការពន្យល់បកស្រាយ ម្ចាស់រថយន្តខាងលើបានស្ម័គ្រចិត្តដោះស៊ីផ្លេរនោះចេញ ដោះទ្រុងដែលលើសខាងលើចេញ ដោយក្រុមការងារមិនបានធ្វើការពិន័យជាប្រាក់នោះទេ ហើយម្ចាស់រថយន្តបានធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃរថយន្តចាប់ពីថ្ងៃនេះតទៅ៕