(ក្រចេះ)៖ ក្រុមក្មេងស្ទាវ៤នាក់ ក្នុងចំណោមបក្ខ៦នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាព ប្រើដាវគប់ទៅលើអ្នកភូមិបណ្ដាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានទទួលបណ្តឹងរាយការណ៍ពីឈ្មោះ អឿង យ៉ិត អាយុ៣៩ឆ្នាំ រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះថា កូនប្រុសរបស់ខ្លួនឈ្មោះ យ៉ិត ផានិត អាយុ១៥ឆ្នាំ បានជិះម៉ូតូជាមួយមិត្តភក្តិ ចេញពីរោងការនៅចំណុចភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លុះជិះម៉ូតូចេញពីរោងការប្រហែល២០០ម៉ែត្រ ក៏មានជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ជិះគ្នា០២នាក់បានយកកែវ គប់មកលើកូនប្រុសរបស់ខ្លួន ត្រូវចំកំភួន ដៃខាងឆ្វេង រងរបួសមានស្នាមដាច់ចេញឈាម។

បន្ទាប់មកកូនប្រុស របស់ខ្លួននិងមិត្តភ័ក្រ្ភ បានជិះរត់គេចចេញមកផ្លូវជាតិ លុះជិះមកដល់ចំណុចវត្តសេះស ស្ថិតនៅភូមិផ្សារស្នួល ក្រុមជនសង្ស័យបានយកដាវគប់សំដៅមកលើកូនប្រុសរបស់ខ្លួន បណ្តាលត្រូវជីដូនឈ្មោះ សាំង សុផល ដែលរួមដំណើរត្រូវចំលើដើមទ្រូងផ្នែកខាងស្តាំ ធ្លាយមកផ្នែកខាងក្រោយ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ តែដោយសារស្ថានភាពធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនបន្តទៅរាជធានីភ្នំពេញ។

ក្រោយពីទទួលបណ្តឹង, សមត្ថកិច្ចជំនាញសហការ ជាមួយកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុធ្វើការ ស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ជាបន្តបន្ទាប់ និង២នាក់គេចខ្លួន។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

*ទី១៖ ឈ្មោះ ដន ចាន់ ណា អាយុ២០ឆ្នាំ
*ទី២៖ ឈ្មោះ ធាន ឈាន អាយុ២០ឆ្នាំ (ជាជនដៃដល់)
*ទី៣៖ ឈ្មោះ ចេក មិនា (ហៅចូច) អាយុ១៩ឆ្នាំ
*ទី៤៖ ឈ្មោះ សារុំ វិបុល អាយុ១៩ឆ្នាំ ជនដៃដល់។ អ្នកទាំង៤ រស់នៅភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល បញ្ជូនទៅការិយាល័យជំនាញក្រោយពីការសាកសួរ ក្រុមជនសង្ស័យក៏ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនបន្តទៅតុលាការខេត្តក្រចេះហើយ នៅរសៀលថ្ងៃនេះដើម្បីបន្តរចាត់ការទៅតាមនីតិវិធីច្បាប់៕