(កណ្តាល)៖ កីឡារស់ក្នុងសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងផ្តល់ឱកាសឲ្យមានការប្រកួតកីឡានាពេលនេះ ដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ ទាំងនេះជាប្រសាសន៍លើកឡើងរបស់នាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្ករក្ស ដែលបានថ្លែងក្នុងឱកាសប្រគល់ជ័យលាភីនៃការប្រកួតកីឡា ដណ្តើមពានរង្វាន់នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ឌៀង សារុន ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡា បញ្ជាការដ្ឋានអង្ករក្ស បានឲ្យដឹងថា ការប្រកួតកីឡា ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៤ មាន៥វិញ្ញាសារ ក្នុងនោះមាន វិញ្ញាសារសណ្តាប់ធ្នាប់ជួរទ័ព, វិញ្ញាសារលំហាត់ប្រាណយោធា វិញ្ញាសាររត់ចម្ងាយប្រដាប់អាវុធ៣គីឡូម៉ែត្រសែងប្រង់កា វិញ្ញាសារបាញ់អាវុធខ្លី និងវិញ្ញាសារបាល់ទះ និងដោយមានកីឡាករចំនួន២២ក្រុម ស្មើនឹង២៧៣នាក់ចូលរួម។ ការប្រកួតត្រូវបានចាប់ផ្ដើមធ្វើការប្រកួតជម្រុះពីថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡានេះត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស និងស្របតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទ។

កិតិ្តសង្គហបណ្ឌិត បានថ្លែងថា យើងសូមអរគុណចំពោះសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចអគញគមហាសេនាថតីតេជោ ហ៊ុនសែន ដែលបាននាំមកនូវការឯកភាពជាត្តិពេញលេញនូវទូទាំងប្រទេស។ ដោយសារកត្តាសុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យយើងមានអ្វីៗ រហូតមកដល់ពេលនេះ និងរៀបចំកម្មវិធីនេះឡើងផងដែរ ។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់ក្រុមកីឡាករត្រូវបន្តថែរក្សាសុខភាព និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ដោយប្តូរពីការប្រើប្រាស់គ្រឿងញៀនមកជាការការលេងកីឡា ពង្រឹងនូវកាយសម្បទា សាមគ្គីភាពផ្ទៃក្នុង និងការងារហ្វឹហ្វឺន។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រគល់រង្វាន់លើកទឹកចិត្តជ័យលាភីដល់ក្រុមកីឡាវិញ្ញាសារបាល់ទះ ចំណាត់ថ្នាក់លេខ១ មានភេសជ្ជៈនិងថវិកា១២លានរៀល, លេខ២ មានភេសជ្ជៈនិងថវិកា៥លានរៀល, លេខ៣ មានភេសជ្ជៈនិងថវិកា៣លានរៀល។ វិញ្ញាសាររត់ចម្ងាយ ថវិកា២លានរៀល, លេខ២ ថវិកា ១លាន៥សែន និងលេខ៣ ១លានរៀល។ ក្រុមមិនជាប់ចំណាត់ថ្នាក់ ថវិកា២លានរៀល និងអាជ្ញាកណ្តាល ក្នុងម្នាក់ៗ ២លានរៀល។

សូមរំឮកថា ព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ដែលជាការប្រកួតលីគអាជីពលើកដំបូងនេះ បានបើកការប្រកួតផ្លូវការកាលពីថ្ងៃទី១២ ខែមករា និងបញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានបេក្ខភាព ៨ក្រុមចូលរួម  ជាលទ្ធផល គឺក្រុមបញ្ជាការដ្ឋានអង្គរក្ស បានគ្រងជើងឯក គ្រាដែលក្រុមវិសាខា ជាប់លេខ២, ក្រុមស្នងការរាជធានីភ្នំពេញ ជាប់លេខ៣ និងក្រុមក្រសួងមហាផ្ទៃ ជាប់លេខ៤៕