(កំពង់ឆ្នាំង)៖ ក្រុមអង្គការអភិរក្សក្រៅរដ្ឋាភិបាលមួយក្រុម បានចុះទៅបោះស្នាក់ការនៅកណ្ដាលកោះមួយក្នុងបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង ដើម្បីចាំទារប្រាក់ពីប្រជានេសាទយ៉ាងអនាធិបតេយ្យ ត្រូវបានសមត្ថកិច្ចចុះធ្វើកិច្ចសន្យាឱ្យបញ្ឈប់ សកម្មភាព ខុសច្បាប់នេះជាបន្ទាន់ តាមបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានប្ដឹងទៅរដ្ឋបាលខេត្តឱ្យជួយអន្តរាគមន៍។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ដែលបានចូលរួមដឹកនាំកម្លាំងចម្រុះចុះពិនិត្យករណីខាងលើនេះបានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំខេត្ត ពាក់ព័ន្ធករណីដែលមានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយក្រុមមាន ១២នាក់ ឈ្មោះ(សមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធិពលរដ្ឋនៅកម្ពុជា) បានបោះជំរុំទីតាំងចាំយកលុយពីប្រជានេសាទអ្នកដាក់មង សន្ទូច កាវលៀស។ល។ ដែលត្រូវបានក្រុមនេះទារប្រាក់អ្នកខ្លះ៥ម៉ឺន ៦ម៉ឺន និងខ្លះ១០ម៉ឺនរៀល ក្នុងមួយទូកៗ ក្រោយពីលោកអភិបាលខេត្តទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោកក៏បានបញ្ជារមករដ្ឋបាលស្រុកបរិបូណ៌ឲ្យចុះពិនិត្យករណីនេះនិងចាត់វិធានការជាបន្ទាន់ផងដែរ។

លោកបានបន្តថា បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់លោកអភិបាលខេត្ត លោកអភិបាលស្រុកបរិបូណ៌ ក៏បានចាត់ឱ្យលោក លី ផល្លីន អភិបាលរងស្រុកបរិបូរណ៍ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឱ្យចុះទៅពិនិត្យ និងចាត់វិធានការទៅលើទីតាំង របស់ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយក្រុមនេះភ្លាមៗដែរ។ ក្នុងនោះក្រុមការងារចម្រុះបានពិនិត្យឃើញនូវទិដ្ឋ ភាពជាក់ស្ដែងដោយឃើញមានការបោះជំរុំធ្វើជាស្នាក់ការនៅលើកោះមួយកន្លែង ក្នុងបឹងទន្លេសាប ឈ្មោះកោះក្រញាន កោះនេះស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ខណៈនោះដែរ ក្រុមការងារគណៈបញ្ជាការរដ្ឋបាលស្រុកដែលដឹកនាំដោយលោក លី ផល្លីន និងរូបលោកផ្ទាល់ ក៏បានចុះធ្វើកិច្ចការនេះ និងបានសួរនាំរកឯកសារពាក់ព័ន្ធផ្សេងៗដល់មន្ត្រីអង្គការខាងលើនេះ តែពួកគេមិនមានឯកសារអ្វីទាំងអស់ ទើបក្រុមការងារនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏បានសម្រេចឱ្យក្រុមអង្គការមួយនេះ ធ្វើកិច្ចសន្យារុះរើទីតាំងស្នាក់ការ ចេញពីកោះជាបន្ទាន់ និងឱ្យត្រូវបញ្ឈប់នូវរាល់សកម្មភាព ការទារប្រាក់ពីប្រជានេសាទ និងធ្វើទង្វើខុសច្បាប់ផ្សេងៗជាបន្តទៀតផងដែរ។

លោក លី ផល្លីន អភិបាលរងស្រុកបរិបូរណ៍ ដែលបានដឹកនាំក្រុមការងារនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះអនុវត្តការងារខាងលើនេះ បានឱ្យដឹងថា ក្រុមអង្គការមួយនេះបានមកបោះទីតាំងនៅលើកោះខាងលើនេះតាំងពីខែ១២ ឆ្នាំ២០២៣មកម៉្លេះ ឯការបោះជំរុំទីតាំងខាងលើនេះផងដែរ គឺមិនមានការអនុញ្ញាត ឬច្បាប់ ទម្លាប់អ្វីនោះឡើយ។ មិនតែប៉ុណ្ណោះពួកគេបានធ្វើសកម្មភាពទារប្រាក់ពីប្រជានេសាទដែលរកនេសាទជាលក្ខណៈគ្រួសារ តាមដងទន្លេនៅក្នុងតំបន់នោះស្ទើរគ្រប់គ្នា។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកអភិបាលស្រុកបរិបូណ៌ ក៏បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមទាំងលោកមេឃុំឆ្នុកទ្រូផង បានចុះទៅពិនិត្យទីតាំងជាក់ស្ដែង និងបានធ្វើកិច្ចសន្យាជាមួយក្រុមអង្គការខាងលើនេះដោយមិនអនុញ្ញាត ឲ្យមានការបោះទីតាំងដោយមិនមានការអនុញ្ញាតនិងមិនមានច្បាប់ទម្លាប់ជាបន្តទៀតឡើយ ចំណែកក្រុមការងារអង្គការខាងលើនេះក៏បានស្ម័គ្រចិត្តធ្វើកិច្ចសន្យាដោយបញ្ឈប់ការបោះទីតាំងបែបអាណាធិបតេយ្យដូចនេះចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះតទៅ៕