(ភ្នំពេញ)៖ ក្រសួងការពារជាតិរបស់កម្ពុជា នឹងទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (The 16o General Border Committee Meeting "GBC) នៅសណ្ឋាគារ Garden City Phnom Penh ចាប់ពីថ្ងៃទី១៨-២២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងលោក ស៊ុធីន ខ្លាំងសឹង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជាសហប្រធានគណៈកម្មាធិការ ព្រំដែនទូទៅថៃ។

ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៦ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee GBC) ត្រូវបានបង្កើតឡើង ដោយមានការជួបប្រជុំប្តូរវេនយ៉ាងទៀងទាត់រៀងរាល់ឆ្នាំ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រទេសទាំងពីរ កម្ពុជា-ថៃ។

ក្នុងឆ្នាំ២០២៤នេះ កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំលើកទី១៦ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូ នៃគណៈកម្មាធិការ ព្រំដែនទូទៅ កម្ពុជា-ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា និងគណៈប្រតិភូ នៃគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា ដឹកនាំដោយលោក ស៊ីធីន ខ្លាំងស៊ង។

កិច្ចប្រជុំលើកទី១៦នេះ ភាគីទាំងពីរ កម្ពុជា-ថៃ នឹងបន្តកិច្ចពិភាក្សា ដោយផ្ដោតយ៉ាងសំខាន់លើ ការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ បង្កើតទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងកិច្ចការពារ និងរក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាព្រំដែន នៃប្រទេសទាំងពីរ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើង នៅតាមបណ្ដោយព្រំដែនមួយនៃប្រទេសជិតខាងទាំងពីរ ដើម្បីរួមគ្នា រក្សា និងធានាឲ្យបាននូវសេចក្តីសុខ ក្សេមក្សាន្ត និងជីវភាពរស់នៅរីកចំរើនរបស់ប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ៕