(ភ្នំពេញ)៖ ម្ចាស់ផ្ទះជួលឱ្យកម្មករ Y&W បានប្រកាសពន្យារពេលបង់ថ្លៃឈ្នួលផ្ទះដល់កម្មករទៅតាមការជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រហូតដល់កម្មករនិយោជិតទាំងអស់ ទទួលបានការដោះស្រាយជាស្ថាពរក្នុងករណីរោងចក្រ Y&W។

ការពន្យារពេលបែបនេះបន្ទាប់ពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងអស់ ដែលមានកម្មករ និយោជិតនៃរោងចក្រ Y&W កំពុងស្នាក់នៅ សូមធ្វើការពន្យារពេលបង់ថ្លៃផ្ទះឈ្នួលដល់កម្មករមួយរយៈសិន រហូតមានដំណោះស្រាយជាស្ថាពរ។

ជាមួយគ្នានេះដែរ លោក ផុន សុផាត ដែលជាម្ចាស់ផ្ទះជួលដល់កម្មករ Y&W បានលើកឡើងថា ខ្លួនបានពន្យារពេលបង់ថ្លៃផ្ទះជួល រួមទាំងថ្លៃទឹកភ្លើងទៅដល់ កម្មករនិយោជិតនៃរោងចក្រ Y&W ដែលកំពុងស្នាក់នៅផ្ទះជួលរបស់ខ្លួនរហូតដល់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយរួចរាល់ជូនកម្មករ។

លោក ផុន សុផាត បានបន្ដថា៖ «ខ្ញុំបានប្រាប់ពួកគាត់ថាមិនយកថ្លៃផ្ទះជួលទេអំឡុងពេលមានបញ្ហាហ្នឹង លើសពីនេះទៅទៀត ប្រសិនបើបងប្អូនមិនទាន់មាន ការងារធ្វើទេបងប្អូនអាចបន្តស្នាក់នៅបន្តិចទៀតបានក៏ប៉ុន្តែត្រូវចេញថ្លៃទឹកភ្លើងដោយខ្លួនឯង»។ លោកបានពន្យល់ថា ការពន្យារពេលបង់ថ្លៃផ្ទះជួលជូនកម្មករ Y&W នេះបន្ទាប់ពីមានការអំពាវនាវពីសំណាក់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន និងលោកបានមើលឃើញអំពីការលំបាករបស់កម្មករ កម្មការិនី ដែលត្រូវបានថៅកែរត់ចោល គ្មានលទ្ធភាពក្នុងការបង់ថ្លៃផ្ទះជួលដល់ខ្លួន។

ទន្ទឹមនឹងនេះ ម្ចាស់ផ្ទះជួលរូបនេះ អំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងឡាយណាដែលមានកម្មកររោងចក្រ Y&W សូមពន្យារពេលបង់ថ្លៃផ្ទះជួលទៅដល់កម្មករតាមការណែនាំ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយសម្រាលការចំណាយរបស់កម្មករ រហូតដល់មានដំណោះស្រាយចប់រួចរាល់។

បន្ថែមពីនេះ លោក ផុន សុផាត បានថ្លែងអំណរគុណទៅដល់ ក្រសួងការងារ ដែលមានចំណាត់ការទាន់ពេលវេលាលើករណីថៅកែក្រុម Y&W រត់ចោលកម្មករនេះ ហើយលោកគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់លើជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយករណីក្រុមហ៊ុន Y&W ជូនកម្មករនិយោជិតទាំងអស់ឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីថៅកែរោងចក្រ Y&W នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រៅពីប្រកាសឱ្យម្ចាស់ផ្ទះជួលពន្យារពេលបង់ថ្លៃផ្ទះ ក្រសួងការងារក៏បាននាំយកឱកាសការងារជាច្រើនពាន់កន្លែងថ្មីៗដល់កម្មករនិយោជិតនៃរោងចក្រ Y&W ដល់កន្លែងផងដែរ។ លើសពីនេះទៀត កម្មករនិយោជិត នៃរោងចក្រ Y&W អាចបន្តប្រើប្រាស់បណ្ណ ប.ស.ស. បានដដែលខណៈពេលដែលក្រសួងការងារកំពុងតែដំណើរការនីតិវិធីរបស់ខ្លួន ក្នុងការដោះស្រាយសំណង ជូនកម្មករនិយោជិតទាំងអស់នាពេលខាងមុខ៕