(ភ្នំពេញ)៖ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោក សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឡុង បូណារ៉េត អភិបាលរងតំណាងលោក វ៉ី សំណាង អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងសាលបណ្ណាល័យកំពង់ស្ពឺ។

កម្មវិធីដ៏មានសារៈសំខាន់ខាងលើនេះ រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សហការជាមួយរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ មន្រ្តីរាជការ សិល្បករ សិល្បការិនី យុវជនកាកបាទក្រហមខេត្រ យុវជនកាយឫទ្ធ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាច្រើនជាច្រើនរូប សរុបប្រមាណជាង ២០០នាក់។

ទិវាវប្បធម៌ជាតិ ៣មីនា គឺជាទិវារំលឹកដល់គុណូបការៈ បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ៕