(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ថវិកាជូនកងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលបានរងរបួសធ្ងន់ និងស្រាលចំនួន០៤រូប ក្នុងអំឡុងពេលបំពេញបេសកកម្ម ក្នុងករណីឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ត កើតឡើងនៅម្ដុំរង្វង់មូលស្វាយអន្ទរ។ ពេលនេះស្ថានភាពរបស់កងកម្លាំងអន្តរាគមន៍ នៃស្នងការនគរបាលខេត្តទាំង៤រូប បានធូរស្រាលហើយ ដោយមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជូនពរដល់កងកម្លាំងដែលរងគ្រោះថ្នាក់ឱ្យឆាប់ជាសះស្បើយ និងបានវិលត្រឡប់មកបម្រើការងារជាធម្មតាវិញ ហើយលោកអភិបាលខេត្ត បានចាត់ទុកជាគំរូវីរភាពរបស់កងកម្លាំង ដែលបានខិតខំ ពន្លត់អគ្គីភ័យដោយមិនខ្លាចនឿយហត់ លះបង់ទាំងកម្លាំងកាយចិត្តដើម្បីបម្រើប្រជាពលរដ្ឋ។
សូមបញ្ជាក់ជូនថា នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៨និង០០នាទី មានអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងលក់បន្លាស់រថយន្ត ស្ថិតនៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរឬ ខេត្តព្រៃវែង ជាមួយនោះបានបណ្តាលឲ្យខូចខាតនូវសម្ភារ និងទ្រព្យសម្បត្តិរួមមាន៖ ឆេះផ្ទះ២ល្វែង ទំហំ៩ម៉ែត្រ x១៨ម៉្រែត មានសំយាបខាងមុខ និងចំហៀងផ្ទះ (ខូចខាតទាំងស្រុង) ផ្ទះ និងគ្រឿងបម្លាស់រថយន្តសម្រាប់ដាក់លក់ គិតជាទឹកប្រាក់ប្រមាណប្រាក់១,០០០,០០០ដុល្លារ។
ដោយមានការដឹកនាំ និងបញ្ជាផ្ទាល់ពី លោក សួន សុម៉ាលីន អភិបាលខេត្ត បានណែនាំដល់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ឲ្យប្រមូលរថយន្តពន្លត់អគ្គិភ័យតាមបណ្តាក្រុង ស្រុកនៃខេត្តព្រៃវែង និងមានសហការជាមួយកម្លាំងនគរបាលខេត្តត្បួងឃ្មុំ និងប្រើប្រាស់រថយន្តអគ្គីភ័យចំនួន១៣គ្រឿង ទឹកសរុបចំនួន៥៧ឡាន ស្មើនឹង២២៨ ម៉ែត្រគូប និងកម្លាំងនគរបាលសរុប ២០០នាក់ គ្រប់គ្រងស្ថានការណ៍បាន ព្រមទាំងបាញ់ទឹករលត់ទាំងស្រុង នៅវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤៕