(តាកែវ)៖ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែងប្រមាណ៥គីឡូម៉ែត្រ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ត្រូវបានជួសជុល និងស្ថាបនាឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដឹកជញ្ជូនកសិកផលផងដែរ។
ផ្លូវក្រាលគ្រួសក្រហមនេះ ត្រូវបានលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ តំណាងរបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បើករដ្ឋានស្ថាបនាឡើងវិញ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតក្នុងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
លោក ឃឹង សារ៉ាត់ បានឲ្យថា ដោយសារមើលឃើញពីការលំបាកធ្វើដំណើរ និងដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋក្នុងស្រុកនេះ ទើបនាយឧត្តមសេនីយ៍អគ្គស្នងការ និង ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ សម្រេចជួយស្ថាបនាផ្លូវគ្រួសក្រហមប្រវែង៥គីឡូម៉ែត្រនេះ ដែលចំណាយទឹកប្រាក់ជាង១ម៉ឺនដុល្លារអាមេរិក។
លោក ឃឹង សារ៉ាត់ បានឲ្យដឹងទៀតថា ផ្លូវប្រវែង៥គីឡូម៉ែត្រនេះ ជាការសាកល្បងជំហានដំបូង ប្រសិនបើផ្លូវនេះប្រជាពលរដ្ឋធ្វើដំណើរស្រួល លោកនឹងបន្តស្ថាបនាប្រវែង៥គីឡូម៉ែត្រទៀត ភ្ជាប់ពីឃុំចំប៉ី មកផ្សារសំរោងយ៉ោង ផ្លូវជាតិលេខ២។
លោកបន្តថា ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋ ដោយផ្លូវនេះភ្ជាប់ស្រុកបាទី ទៅនឹងផ្លូវជាតិលេខ២១ ស្ថិតក្នុងស្រុកកោះធំ ខេត្តណ្តាល ឆ្ពោះទៅព្រំដែនវៀតណាម។
លោក ឃឹង សារ៉ាត់ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ សម្តេចតេជោ បានខិតខំកសាងប្រទេសតាំងពីបាតដៃទទេ ឈានដល់ការអភិវឌ្ឍន៍ មានផ្លូវថ្នល់ស្អាត ប្រព័ន្ធធារាសាស្ត្រល្អ ពោលគឺរីកចម្រើនគ្រប់វិស័យ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ដើម្បីឲ្យប្រទេសជាតិយើងបន្តរីកចម្រើនថែមទៀត។
លោកបន្តថា នៅពេលឆាប់ៗខាងមុខនេះ ផ្លូវមួយខែ្សដែលកំពុងស្ថាបនានេះ នឹងរួចរាល់ ដែលនឹងជួយសម្រួលដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ បានជាក់ជាតិមិនខាន៕