(ភ្នំពេញ)៖ វិស័យទេសចរណ៍នៃប្រទេសមហាអនុតំបន់មេគង្គ (GMS) ត្រូវបានវាយតម្លៃថាមានការងើបឡើងវិញ ក្នុងអត្រា ៦០.៥% នៅឆ្នាំ២០២៣ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ ការវាយតម្លៃនេះធ្វើឡើងក្នុងកិច្ចប្រជុំពិសេសរបស់ក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសជាសមាជិកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានស្តារឡើងវិញនូវវិស័យទេសចរណ៍បានលឿងជាងគេ ក្នុងអត្រា ៨២.៤%។ បន្ទាប់ពីកម្ពុជា គឺប្រទេសឡាវក្នុងអត្រា ៧១.៣% ប្រទេសថៃក្នុងអត្រា ៧០.៥% ប្រទេសវៀតណាម ៧០% និងប្រទេសមីយ៉ាន់ម៉ា ៣០%។ ដោយឡែក ចំពោះភាគីចិន ជាពិសេសខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ី មានអត្រាងើបឡើងវិញនៅមានកម្រិតប្រមាណ ៣-៥% ប៉ុណ្ណោះ។

លោក ជួប រតនា បានបន្តថា តាមរយៈអត្រាងើបឡើងវិញនូវវិស័យទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គនេះ ក្រុមការងារទេសចរណ៍ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសិក្សានិងរៀបចំសេចក្តីព្រាង «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍មហាអនុតំបន់មេគង្គឆ្នាំ២០៣០» ដោយបានសិក្សាស្រាវជ្រាវពីនិន្នាការទេសចរណ៍ពិភពលោក តំបន់ និងអាស៊ាន ព្រមទាំងបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើនលើក និងទទួលបានធាតុចូលសំខាន់ៗពីប្រទេសជាសមាជិក ដើម្បីសម្រេចបានចក្ខុវិស័យទេសចរណ៍មហាអនុតំបន់មេគង្គគឺជាគោលដៅទេសចរណ៍ដែលផ្សារភ្ជាប់ទៅនឹងទន្លេមេគង្គ ជាមួយនឹងវប្បធម៌ដ៏រស់រវើក និងប្រជាជន ដោយផ្តល់នូវបទពិសោធន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពលំដាប់ពិភពលោក។

«ឯកសារខាងលើនេះនឹងត្រូវពិគ្រោះយោបល់កម្រិតតំបន់ដើម្បីទទួលបានធាតុចូលប្រកបដោយសង្គតិភាព មុននឹងដាក់ឆ្លងថ្នាក់ដឹកនាំប្រទេសមហាអនុតំបន់មេគង្គសម្រេច តាមរយៈកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មហាអនុតំបន់មេគង្គ នៅអំឡុងខែសីហា-តុលា ឆ្នាំ២០២៤ ខាងមុខ» នេះបើតាមការបន្ថែមរបស់លោក ជួប រតនា៕