(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក មួន ឡុង មុខរបរជាងឡាននៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ដែលធ្លាប់បានយកស៊ីផ្លេរ (សម្លេងប្រដេញ) សម្រាប់លក់ និងតភ្ជាប់ជូនអតិថិជនដែលប្រើប្រាស់ រថយន្តធន់ធ្ងន់ យកមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង នៃអធិការដ្ឋាននគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែករក្សាបាននៅសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា ដោយគាត់យល់ឃើញថាសម្លេងស៊ីផ្លេរខាងលើអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដែលរស់នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ គាត់បានលុបចោលវីដេអូដែលតែងតែបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញផ្សព្វផ្សាយតាម TikTok ផងដែរ។

ប្រជាពលរដ្ឋរូបនេះ សូមគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សំដៅការពារ អាយុជីវិត និងទ្រព្យសម្បត្តិឯកជន និងសាធារណៈ៕