(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្ដរជាតិ សរុបប្រមាណ៧០០នាក់។

លោករដ្ឋមន្រ្ដីបានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តកេរដំណែលជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំសម្តេតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ និងដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ។

លោករដ្ឋមន្រ្ដីបានបន្តថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើបាវចនាចំនួន៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគោលដៅជាយុទ្ធសាស្ត្រចំនួន៥ គឺ៖ ទី១) ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់, ទី២) បង្កើតការងារឱ្យបានកាន់តែច្រើន ទី៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ទី៤) បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥) ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ជាមួយនេះ រាជរដ្ឋាភិបាលបានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ គឺ៖

ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

ទី២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការអប់រំផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព។

ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីមុខរបរកសិកម្ម និងកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើត ភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិកម្មនៅតាមសហគមន៍ជនបទ និងជាពិសេសសហគមន៍ជនជាតិដើមភាគតិច។

ទី៤. ពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសអនុវត្តន៍តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្រ្ដីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ត្រីទាំងអស់នៃក្រសួង និងបានលើកឡើងពីគុណូបការៈនៃថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត ដែលសម្រេចបាននៅសមិទ្ធផលជាច្រើន ព្រមទាំងបទពិសោធន៍ដឹកនាំដែលជាគំរូល្អៗសម្រាប់ការដឹកនាំបន្តវេន៕