(កំពង់ចាម)៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។

លោក អ៊ុន ចាន់ដា បានលើកឡើងថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ ទៅលើស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស លើការអនុវត្តនូវលក្ខណៈសម្បត្តិទាំង៧ចំណុច នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ក្នុងសូចនាករទី ២គឺគ្មានបទល្មើសលួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្អែកតាមកត្តាខាងលើនេះ និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តក៏បានចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះល្បែងស៊ីសង គ្រប់ប្រភេទ ដែលមាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ក្នុងរយៈពេល ១ខែកន្លងមកនេះ គិតចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងនាមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់វិធានការបិទទីតាំងល្បែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយ បានរកឃើញក្រុមហ៊ុនឆ្នោតឡូតូទាំងមាន និងគ្មានអាជ្ញាបណ្ណពីល្បែងពាណិជ្ជកម្មកម្ពុជាចំនួន ៨ក្រុមហ៊ុន ស្មើនឹង៤៩៥ទីតាំង។

លោក រស់ ភីរុណ បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីពិភាក្សា ពីគ្រោះយោបល់លើការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងពីផលប៉ះពាល់នៃល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនៃវិស័យល្បែងពាណិជ្ជកម្ម ស្វែងយល់ និងកំណត់ពីបញ្ហាប្រឈម ដែលបានកើតមាននៅក្នុងមូលដ្ឋាន បង្កើនកិច្ចសហការ និងភាពប្រទាក់ ក្រឡាគ្នា លើការងារដែលជាសមត្ថកិច្ច និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការ បង្ក្រាប និងទប់ស្កាត់រាល់ការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕