(ភ្នំពេញ)៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួក្នុងសំណុំរឿង នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ពាក់ព័ន្ធករណីបោកលុយរត់ការចូលក្របខ័ណ្ឌជាង៥ម៉ឺនដុល្លារ ដាក់ពន្ធនាគារ ដើម្បីរង់ចាំទទួលការជំនុំទោសទណ្ឌនៅពេលក្រោយ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អេង សាវឿន ដែលបម្រើការងារនៅនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរ ពាក់ព័ន្ធករណីបោកលុយប្រជាពលរដ្ឋជាង ៥ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នាយនគរបាលដែលត្រូវបានចាប់ខ្លួននោះ គឺឧត្តមសេនីយ៍ទោ អេង សាវឿន តួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អ្នកនាំពាក្យរូបនេះ បានអះអាងថា ការចាប់ខ្លួននេះដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលអនុវត្តប្រតិបត្តិការដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

ក្រោយចាប់ខ្លួន លោកឧត្តមសេនីយ៍ទោ អេង សាវឿន ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕