(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិក នៃឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ឌពិភពឥស្លាម (MWL) អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្តរជាតិស្តីពី ការកសាងស្ពានមេត្រី រវាងបណ្តានិកាយឥស្លាម នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីតចាប់ពីថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៤។

សន្និសីទនេះ ត្រូវបានប្រារព្ធឡើងដោយមានការថ្លែងសន្ទរកថាស្វាគមន៍ ពីសំណាក់លោកបណ្ឌិត មហាំម៉ាត់ ពិន អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការ នៃអង្គការសម្ព័ន្ឌពិភពឥស្លាម និងលោក Hissein Brahim Taha អគ្គលេខាធិការ​ នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមសាសនាវិទូល្បីៗ តំណាងឲ្យថ្នាក់ដឹកនាំដ៏មានឥទ្ធិពលមកពីក្រុម និងនិកាយឥស្លាមនានា និងឯកអគ្គរដ្ឋទូត រាជទូតមកពីបណ្តាប្រទេសនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ប្រមាណ៣០០នាក់ មកពីបណ្តាប្រទេសជាង៧០ប្រទេសលើពិភពលោក។

សិន្និសីទនេះ ត្រូវបានរៀបចំឡើងដោយ អង្គការសម្ព័ន្ធពិភពឥស្លាម(Muslim World Leagues) ក្នុងគោលបំណងជំរុញឲ្យប្រជាជាតិមុស្លិម ត្រូវរួមកម្លាំងគ្នា និងសម្រួលឡើងវិញនូវនិយមន័យសាមគ្គីភាព ដែលហ៊ុំព័ទ្ធទៅដោយការបែកបាក់ ទោះបីជាមាននិកាយ និងក្រុមបក្សខុសគ្នាក៏ដោយ និងអំពាវនាវឱ្យមានចំណងភាតរភាពរវាងគ្នា។

នៅក្នុងសន្និសីទនេះផងដែរ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោបយល់គ្នា រវាង MWL និង OIC ដើម្បីធានានូវលទ្ធផលរបស់សន្និសីទខាងលើ។

លើសពីនេះទៅទៀត អនុស្សរណៈនៃការយោគយល់មួយទៀត ក៏ត្រូវបានចុះហត្ថលេខារវាង បណ្ឌិត្យសភាឥស្លាម Fiqh នៃ MWL និង បណ្ឌិត្យសភាឥស្លាម Fiqh អន្តរជាតិ នៃ OIC ផងដែរ ក្នុងគោលបំណងជំរុញការស្រាវជ្រាវ និងផ្សព្វផ្សាយវប្បធម៌នៃការអត់ឱន និងការសម្របសម្រួលក្នុងចំណោមប្រជាជនមុស្លិម។

សូមជម្រាបថា អង្គការសម្ព័ន្ធពិភពឥស្លាម ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន៩៥ប្រទេស ព្រមទាំងមានដៃគូសហការជាមួយអង្គការអន្តរជាតិធំៗជាច្រើនទៀត៕