(បាត់ដំបង)៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារ ក្នុងចំណោមជិត៨០គ្រួសារ រស់នៅឃុំតាលាស់ និង ឃុំជ្រៃ ស្រុកមោងឫស្សី បានដាក់ពាក្យប្ដឹងទៅកាន់ក្រុមការងារវាស់វែងដីធ្លី ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ នៅលើដីតំបន់២ ក្នុងទឹកដីឃុំជ្រៃ ដើម្បីឲ្យជួយរកដំណោះស្រាយ ក្រោយពីលោកស្នងការរងខេត្តបាត់ដំបងម្នាក់ នាំមន្រ្តីជំនាញចុះទៅវាស់វែងរំលោភយកដីរបស់ពួកគេ ប្រមាណ៦៤ហិចតា ក្នុងគោលបំណងធ្វើប្លង់រឹង យកជាកម្មសិទ្ធិរបស់ខ្លួន។

ប្រជាពលរដ្ឋទាំង១២គ្រួសារ ដែលបានប្ដឹងស្នងការរងខេត្តបាត់ដំបងឈ្មោះ ម៉ារ៉ា សក្ដា គឺរស់នៅភូមិម៉ាណោក ឃុំតាលាស់ បានអះអាងថា សម្រាប់ដីដែលមានទំនាស់នេះ ស្ថិតនៅ ចំណុចខាងកើតលូគោកស្បូវ (តំបន់២) ស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ដោយពួកគេបានអាស្រ័យផលតាំងពីអំឡុងឆ្នាំ២០០៨ និងធ្វើស្រែលាយឡំជាមួយពលរដ្ឋនៅភូមិដូនទ្រី និងភូមិអង្គ្រង ឃុំជ្រៃជិត១០០គ្រួសារទៀត ដែលតាំងពីពេលនោះរហូតមក មិនធ្លាប់មានបុគ្គល ឬអ្នកមានអំណាចណាម្នាក់មករារាំង ឬមករំខានម្ដងណាទេ។ ពួកគេបានបន្តថា ប៉ុន្តែនៅពេលរាជរដ្ឋាភិបាល ប្រកាសកាត់ឆ្វៀលដីតំបន់២ ឬតំបន់៣ មួយចំនួនឲ្យប្រជាពលរដ្ឋកាន់កាប់ស្របច្បាប់ ហើយនៅពេលក្រុមការងារវាស់វែងដីធ្លី ចុះវាស់ដីចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ស្រាប់តែលេចមុខ លោកស្នងការរងរូបនេះ ដឹកនាំមន្រ្តីជំនាញចុះទៅចង្អុលបង្ហាញវាស់វែងយកដីនៅចំណុចខាងលើ ដោយបុគ្គលម្នាក់នេះអះអាងថា ជាដីដែលម្ដាយរបស់គាត់បានទិញពីលោកមេភូមិ និងមេឃុំចាស់ (មេឃុំជ្រៃ) តាំងពីអំឡុងឆ្នាំ២០០៨ម្ល៉េះ ដែលករណីនេះ ពួកគេបានស្នើទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយដោះស្រាយ។

បើតាម លោក ថាន់ ស៊ាន មេឃុំជ្រៃ បានឲ្យដឹងថា ករណីនេះ ពិតជាបានកើតឡើងមែន ដោយនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ភាគីប្រជាពលរដ្ឋ និងតំណាងរបស់ស្នងការរងរូបនោះ បានមកជួបដោះស្រាយគ្នាដែរ ដោយភាគីស្នងការរង ទាមទារយកចំណែក៦០ភាគរយ ឲ្យពលរដ្ឋចំនួន៤០ភាគរយ ប៉ុន្តែប្រជាពលរដ្ឋមិនព្រមនោះទេ។

លោកមេឃុំបានបន្តថា ការមិនយល់ព្រមនេះ ដោយសារនៅពេលពួកគេបានកាប់ឆ្ការដីទាំងអស់នោះ តាំងពីឆ្នាំ២០០៨ ហើយបានអាស្រ័យផលជាក់ស្ដែង រហូតដល់ពេលរាជរដ្ឋាភិបាលប្រកាសឲ្យពលរដ្ឋចេញមុខទទួលស្គាល់ ក៏បុគ្គលខាងលើមិនបានចេញមកដែរ ប៉ុន្តែដល់ពេលក្រុមការងារវាស់វែងដី មកកាត់ឆ្វៀល និងវាស់វែងធ្វើប្លង់ជូនពលរដ្ឋ ស្រាប់តែស្នងការរងរូបនេះមកចង្អុលឲ្យក្រុមការងារវាស់វែងឲ្យខ្លួន ក្លាយជាម្ចាស់ដីទៅវិញ ហើយករណីនេះ មិនទាន់ដាច់ស្រេចនោះទេ។

យោងតាមសេចក្តីណែនាំ របស់រដ្ឋបាលខេត្តបាត់ដំបង កាលពីខែធ្នូ ឆ្នាំ២០២១ គឺបានបញ្ឈប់ជាបន្ទាន់ និងមោឃភាពរាល់ការចុះហត្ថលេខា ការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ ជួលបញ្ចាំ ពាក្យស្នើសុំកាន់កាប់ដីធ្លី ឬពាក្យស្នើសុំប្រើប្រាស់ដីធ្លីលិខិតទិញលក់ ដោយខ្លួនឯង រវាងបុគ្គលអ្នកលក់ និងបុគ្គលអ្នកទិញ និងការបញ្ជាក់ប្លង់ទីតាំង នៅលើដីរដ្ឋព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សម្រាប់សេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រង់ជំពូក២ មាត្រា៤ ការចុះបញ្ជីក្បាលដីផ្ដល់ជូនទៅលើប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ដែលកំពុងអាស្រ័យផលជាក់ស្ដែង ដែលចំណុចនោះ មានន័យថា មិនមានការទទួលស្គាល់នូវការទិញដូរ ពីកន្លងមកនោះទេ។

ពាក់ព័ន្ធនឹងដីតំបន់២ និងតំបន់៣នេះ រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានប្រកាសដកហូតដីតំបន់ព្រៃលិចទឹកទាំងអស់នោះ ហើយក៏បញ្ជាឲ្យក្រុមការងារកាត់ឆ្វៀលដី ជូនពលរដ្ឋអាស្រ័យផលជាក់ស្ដែង ដោយបញ្ហានេះ រាជរដ្ឋាភិបាល នីតិកាលទី៧ កំពុងដុតដីដុតជើងធ្វើការងារ ដើម្បីចុះបញ្ជីជាប្រព័ន្ធឲ្យបានច្បាស់លាស់ផងដែរ៕