(កំពង់ធំ)៖ កូនត្រីល្អិតៗគ្រប់ប្រភេទ ភាគច្រើន គឺជាកូនត្រីប្រាប្រមាណ៨០% កំពុងតែចរាចរណ៍នៅលើទីផ្សារយ៉ាងខ្លាំង នៅក្នុងទឹកដីខេត្តកំពង់ធំ ដែលក្រុមឈ្មួញឈរចាំទិញ នៅតាមមាត់ទឹកស្ទឹង និងទិញតាមទូកកាណូត ក្នុងស្រុកចំនួន៥ ជាប់បឹងទន្លេសាប រាប់ តោនក្នុងមួយថ្ងៃៗ ដើម្បីយកទៅលក់ចែកចាយបន្ត ធ្វើជាចំណីត្រីឆ្ដោរចិញ្ចឹមតាមបែរក្នុងខេត្ត។
ប្រជានេសាទក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមឈ្មួញទាំងនេះ ដឹកតាមម៉ូតូធ្វើចំណីសត្វទារចិញ្ចឹមក្នុងស្រុក និងដឹកតាមកាណូតយកទៅចែកចាយ ធ្វើជាចំណីត្រីឆ្ដោរចិញ្ចឹមតាមស្រះ នៅស្រុកនានាក្នុងខេត្ត បានយ៉ាងអានាធិបតេយ្យ គ្មានការទប់ស្កាត់ពីមន្ត្រីជំនាញរដ្ឋបាលជលផលនោះឡើយ។
ប្រជានេសាទជាលក្ខណៈគ្រួសារ តាមដងស្ទឹងចំនួន៥ដូចជា៖ ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង ស្ទឹងសែន ស្ទឹងព្រៃប្រស់ និងស្ទឹងស្ទោង បាននិយាយថា «កូនត្រីល្អិតៗបានមកពីការនេសាទ បទល្មើស(ស្បៃមុង) បទល្មើស (លបណរ៉ាវ) ក្រឡាញឹក ដែលជនល្មើសធ្វើការនេសាទគ្រប់ទីកន្លែង ក្នុងខេត្តកំពង់ធំ ហើយបទល្មើសស្បៃមុង បានកើតច្រើនជាងគេ គឺខេត្តកំពង់ធំនេះតែម្តង»។
ក្រុមប្រជានេសាទទាំងនេះ បានបន្តទៀតថា រយះពេលជាងមួយខែមកហើយ ដែលពួកគាត់សង្កេតឃើញ មានឈ្មួញប្រមូលទិញកូនត្រីល្អិតៗ ភាគច្រើនជាកូនត្រីប្រា ដែលជនល្មើសនេសាទ នៅស្រុក សន្ទុក និងស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដោយដឹកយកទៅលក់នៅផ្សារមាត់ទឹក និងយកទៅលក់បន្តធ្វើជាចំណីត្រីឆ្ដោរចិញ្ចឹមក្នុងមួយថ្ងៃៗ មិនក្រោមពី២ទៅ៣តោននោះទេ ហើយពួកគាត់ មិនដែល ឃើញមន្ត្រីជំនាញចុះបង្ក្រាបឡើយ។
ប្រជានេសាទ បានទទូចឲ្យថ្នាកដឹកនាំខេត្ត ជាពិសេសមន្រ្តីរដ្ឋបាលជលខេត្តកំពង់ធំ ធ្វើការចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ នៅក្នុងដែនទឹករបស់ខ្លួន កុំបណ្តែតបណ្តោយឲ្យកើតមានយ៉ាងដូច្នេះតទៅទៀត។
យ៉ាងណាក៏ដោយអង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយពីនាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំបាននៅឡើយទេ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ៕