(កំពង់ចាម)៖ ដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការចង្អុលដឹកនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់ចេញជាគោលការណ៍ចាត់វិធានការដ៏មុឺងមាត់ ចំពោះរថយន្តគ្រប់ប្រភេទ ពិសេសលើរថយន្ដធុនធំ ដែលបានបំពាក់នូវសុីផ្លេមានសម្លេងលឺខ្លាំងខុសបច្ចេកទេស។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានអះអាងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុង បានចាត់វិធានការឃាត់រថយន្ដធុនធំ ដែលបានបំពាក់សុីផ្លេតខុសបច្ចេកទេស បង្កឲ្យមានសម្លេងលឺខ្លាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

លោកស្នងការបានឲ្យដឹងថា កម្លាំងជំនាញបានឃាត់រថយន្ដចំនួន៧គ្រឿង និងបានហៅអ្នកបើកបរមកធ្វើការអប់រំណែនាំ ព្រមទាំងតម្រូវឲ្យដកសុីផ្លេរតខុសបច្ចេកទេសនោះចេញ និងមិនអនុញ្ញាតឲ្យបំពាក់សុីផ្លេតបែបនេះទៀតឡើយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់យានយន្ដគ្រប់ប្រភេទ សូមកុំកែច្នៃខុសស្ដង់ដារបច្ចេកទេស ដែលជាផ្នែកមួយនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងសូមចូលរួមគោរពច្បាប់ទាំងអស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕