(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា ប្រធានគណបក្សភឿថៃ ដែលជាបក្សកំពុងកាន់អំណាចនៅក្នុងប្រទេសថៃ បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងថៃ។ អ្នកបន្តវេនដ៏មានឥទ្ធិពលរបស់កម្ពុជា និងថៃ ក៏បង្ហាញក្តីរំពឹងថា ទំនាក់ទំនងនៃប្រទេសភូមិផងរបងជាប់គ្នា នឹងកាន់តែល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា ប្រធានគណបក្សភឿថៃ កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអ្នកមានទំនាក់ទំនងដ៏ជិតស្និទ្ធបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន នោះ បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដំណើរទស្សនកិច្ចអ្នកនយោបាយវ័យក្មេងរបស់ថៃរូបនេះ បានអញ្ជើញជួបសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ជាម យៀប ប្រធានស្តីទីរដ្ឋសភា។
នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី ក៏អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ជំនួបរបស់អ្នកនយោបាយដែលមានទំនាក់ទំនងប្រៀបដូចជាគ្រួសារនេះ បានជជែកច្រើនលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកស្រីក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។
លោកស្ត្រីក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកស្រីបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត និងត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេងៗទៀត រួមទាំង ការលើកកម្ពស់តួនាទីរបស់ស្រ្តី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា ពីសំណាក់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ។ សម្តេចធិបតី ក៏បានសម្តែងការអបអរសាទរជូនចំពោះលោកស្រី ដែលត្រូវបានតែងតាំងជាប្រធានគណបក្សភឿថៃ ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខជូនលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ។
សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានជម្រាបជូនអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីទៅកាន់ប្រទេសថៃ កាលពីខែកុម្ភៈ កន្លងទៅ ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការងារជាដើម។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជូនពរលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងទទួលបានក្តីសោមនស្សរីករាយក្នុងការស្នាក់នៅកម្ពុជា ព្រមទាំងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕