(សៀមរាប)៖ កម្ពុជារំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពមកប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន ខណៈទីផ្សារចិន និងឥណ្ឌា គឺជាទីផ្សារទេចរណ៍អាទិភាពរបស់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោក សុខ សូកេន បានបញ្ជាក់ដែរថា ដើម្បីទាក់ទាញភ្ញៀវវទេសចរណ៍ឥណ្ឌា ចូលមកក្នុងប្រទេសកម្ពុជាបានច្រើន រដ្ឋាភិបាលនឹងបើកជើងហោះហើរត្រង់ពីកម្ពុជា ទៅទីកាន់ក្រុងញូដេលី នៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។

យ៉ាងណាមិញលោករដ្ឋមន្រ្តីមិនភ្លេចទេ នៅក្នុងការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ដែលមានរដ្ឋាភិបាល ក្រសួងទេសចរណ៍ផ្ទាល់ និងអ្នកផ្ដល់សេវាពាក់ព័ន្ធទាំងអស់រួមគ្នា ឲ្យបានរួចរាល់ក្នុងការទទួលភ្ញៀវទេសចរ ដែលអាចធានាបានថា ភ្ញៀវដែលបានមកលេងប្រទេសកម្ពុជាហើយ នឹងត្រឡប់មកលេងប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត។

ការបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើឡើងឆ្លើយតបនិងសំណួររបស់ក្រុមអ្នកសារព័ត៌មាន នៅខាងមុខប្រាសាទអង្គរវត្ត ដែលដឹកនាំឲ្យក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាននៅក្នុងកម្មវិធី «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប»