(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងការសោកស្ដាយជាពន់ពេក ចំពោះមរណភាព ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនបង្កើតរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

តាមរយៈសាររំលែកមរណទុក្ខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! រូបខ្ញុំ និងភរិយា មានសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ សម្តេច លោកបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី នៅក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវសេចក្ដីសង្វេគប្រកប ដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្ដាយស្រណោះអាឡោះអាល័យជាទីបំផុត ពីព្រោះថាការបាត់បង់ ឯកឧត្តម ឃួន ផល្លារិទ្ធ គឺជាការបាត់បង់ប្អូនប្រុស ស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលមាននូវសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ហើយក៏ជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលមានបទពិសោធន៍ ប្រកបដោយឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ដោយបានរួមចំណែកក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងឧត្តមប្រយោជន៍មាតុភូមិជារៀងរហូតមក។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឃួន ផល្លារិទ្ធ សូម ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ ទទួលនូវសេចក្តីគោរពរាប់ អានដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំពីខ្ញុំ និងភរិយា»៕