(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការទទួធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អនុសញ្ញាអូតាវ៉ា ក្នុងទឹកដីខេត្តសៀមរាប ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនានាជុំវិញពិភពលោក ជាពិសេសអ្នកខេត្តសៀមរាប និងអ្នករកស៊ីផ្នែកវិស័យសេវាកម្មទេសចរណ៍។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។ កិច្ចនៃអនុសញ្ញាអូតាវ៉ានឹងមានតំណាងបណ្តាប្រទេសជិត២០០ នឹងចូលរួមហើយអញ្ជើញទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា។

តាមរយៈកិច្ចប្រជុំដ៏សំខាន់ជាអន្តរជាតិនេះ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការការអន្តរក្រសួង នេះដឹកនាំដោយលោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន អាជ្ញាធរមីន ជាប្រធាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ ហើយគណៈកម្មាធិការនេះមានភារកិច្ចដឹកនាំ គ្រប់គ្រង សម្របសម្រួល និងបែងចែកភារកិច្ចការងារទៅតាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនៅក្នុងដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំឱ្យបានរលូន និងសម្រេចជោគជ័យ។

នៅក្នុងគណៈកម្មាធិការនេះដែរ ក៏មានបង្កើតជាអនុគណៈកម្មការ សារព័ត៌មាន និងផ្សព្វផ្សាយ ដែលមានលោក ចៅ ឡាយ ជាប្រធាន, លោក ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធាន និងមានសមាជិក៦រូប លេខាធិការ ១រូប។

លោក ហ៊ុយ សារ៉ាវុធ បានថ្លែងថា នៅក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃ « កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីន» នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដែលមានសមាជិកចំនួន ១៦៤ប្រទេស មកជួបប្រជុំគ្នា ដើម្បីធ្វើយ៉ាងណាសហប្រតិបត្តិការបន្តបោសសំអាតគ្រាប់មីនឱ្យអស់ ដែលជាការកាត់បន្ថយប្រជាជនគ្រោះថ្នាក់ដោយសារមីន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគួសបញ្ជាក់ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា គឺមានសារៈសំខាន់ ហើយក្រសួងព័ត៌មានទទួលលើកិច្ចការងារផ្សព្វផ្សាយអោយបានទូលំទូលាយ មិនត្រឹមតែក្នុងប្រទេសនោះទេ គឺផ្សាយទៅកាន់ពិភពលោកតែម្តង អោយបានដឹងពីព្រឹត្តការណ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។

នាឱកាសនោះដែរលោករដ្ឋមន្ត្រី ក៏បានស្នើដល់គ្រប់ផ្នែក ជំនាញពាក់ព័ន្ធរបស់ក្រសួងព័ត៌មាន ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើការផ្សព្វផ្សាយអោយបានល្អ និងគ្រប់ទិដ្ឋភាពនៃកិច្ចប្រជុំ។ ជាមួយនេះរៀបចំចុះឈ្មោះ អ្នកសារព័ត៌មាន ទាំងជាតិ និងអន្តរជាតិ កិច្ចសម្របសម្រួលនានា ដើម្បីបង្កភាពងាយស្រួលក្នុងការថត និងយកព័ត៌មានសម្រាប់ផ្សព្វផ្សាយទៅកាន់អន្តរជាតិ។

ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា គឺដោយសារតែកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ ប្រទេសកម្ពុជា ត្រូវបានជាប់ឆ្នោតធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា។ អនុសញ្ញាអូតាវ៉ា គឺជាការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្សលោក ហើយមានគោលដៅបញ្ចប់នូវការឈឺចាប់របស់ប្រជាជននៅលើពិភពលោកដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។ អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាមនុស្សធម៌ ដែលមានប្រទេសជាសមាជិករហូតដល់ ១៦៤ប្រទេស នៅសល់តែ ៣៣ប្រទេសទៀតប៉ុណ្ណោះដែលមិនទាន់បានចូលរួម ។

ការដែរកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ គឺជាការផ្តល់សារវិជ្ជមានពីកម្ពុជា និងមានសារៈសំខាន់បំផុតទៅកាន់ពិភពលោកថា ប្រទេសកម្ពុជា បានទទួលសុខសន្តិភាព និងសុវត្ថិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខណៈពេលប្រទេសមួយចំនួនកំពុងជួបនូវវិបត្តិសង្រ្គាម និងទាមទារឱ្យមានការចូលរួមថែរក្សាសន្តិភាព និងការងារបោសសម្អាតមីន៕