(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតសុខាភិបាល លើកទី៤៣ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងក្រសួង ស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៦០២រូប។ ពិធីនេះបានប្រព្រឹត្ដទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងថា ការប្រារព្ធពិធីបើកសន្និបាតសុខាភិបាល លើកទី៤៣ គឺក្នុងគោលបំណងត្រួតពិនិត្យវាយតម្លៃសមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល ឆ្នាំ២០២៣ ដើម្បីបន្តពង្រឹងវិស័យសុខាភិបាលឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ ឱ្យកាន់តែមានភាពធន់ និងរឹងមាំ រួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានថ្នាក់ដឹកនាំ និងសហការី មកពីបណ្តាក្រសួង ស្ថាប័ននានា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងវត្តមានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូសុខាភិបាលទាំងទ្វេភាគី ពហុភាគី និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងអង្គសន្និបាតដ៏មានសារៈសំខាន់នាពេលនេះ។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា «សមិទ្ធផល និងវឌ្ឍនភាព ដែលវិស័យសុខាភិបាលសម្រេចបានជាច្រើនទសវត្សរ៍កន្លងមកនេះ រួមទាំងក្នុងឆ្នាំ២០២៣នេះផង គឺមិនអាចកាត់ផ្តាច់បានពីគុណតម្លៃដ៏ថ្លៃថ្លានៃសន្តិភាព ដែលបាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈការពុះពាររាល់ឧបសគ្គ ការលំបាក និងការលះបង់ខ្ពស់ ការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយជាការពិតណាស់ មានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ទើបមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងភាពប្រសើរឡើងនៃជីវភាពរស់នៅរបស់ប្រជាជន»

«ម៉្យាងវិញទៀត ការរក្សាគង់វង្សនូវសន្តិភាពដែលមានគុណតម្លៃជាសកល គឺជាការប្ដេជ្ញាចិត្តរបស់យើងឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ដែលជាមូលដ្ឋានគ្រឹះនៃការបន្តលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដែលជាកត្តាសារវន្តរួមចំណេកដល់ការអភិវឌ្ឍមូលធនមនុស្ស និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ស្របតាមគោលដៅដ៏មុតស្រួច នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏វាងវៃ និងស្មារតីបុរេសកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា»។នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានសម្ដែងនូវការគោរពដ៏ជ្រាលជ្រៅ និងការវាយតម្លៃខ្ពស់ ជូនចំពោះលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង សមាជិក
សភាមណ្ឌលភ្នំពេញ និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការដឹកនាំវិស័យសុខាភិបាលកន្លងមក ឱ្យទទួលបានសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់
សម្គាល់ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ រដ្ឋបាលរាជធានី-ខេត្ត ដែលបានខិតខំអនុវត្តការងារ តាមតួនាទី និងភារៈកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចំពោះក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួម
វិភាគទានដ៏សំខាន់ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាជន និងការអភិវឌ្ឍវិស័យសុខាភិបាល។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត សមាជិក សមាជិកានៃអង្គសន្និបាត ឱ្យយកចិត្តទុកដាក់ពិចារណា ចូលរួមពិភាក្សា ផ្លាស់ប្ដូរយោបល់ឱ្យបានផុសផុល នៅលើប្រធានបទនីមួយៗ នាពេលរសៀលនេះដោយប្រើប្រាស់សមស្របតាមស្ថានភាពជាក់ស្តែង នូវចំណេះដឹងដែលទទួលបានពីកម្មវិធីបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្នុងនោះរួមមានគោលការណ៍ «ដោះស្រាយបញ្ហាដោយផ្តោតលើការវិភាគបញ្ហា» ដោយផ្តោតលើ៖ (១) និន្នាការសុខភាព និងសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ឆ្នាំ២០២៣ (២) តម្រូវការផ្នែកសុខភាពជាអាទិភាពរបស់ប្រជាជន និងភាពប្រឈមចម្បងៗ នៃប្រព័ន្ធសុខាភិបាល ក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត (៣) ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ក្នុងការរៀបចំផែនការសកម្មភាព ការបែងចែកនឹងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និង (៤) ប្រព័ន្ធសុខាភិបាលកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលនៃការពង្រឹងសមត្ថភាព គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ឱ្យកាន់តែរឹងមាំ និងការពង្រីកការគ្របដណ្ដប់នូវសេវាថែទាំសុខភាព ដើម្បីសន្និបាតសុខាភិបាលរយៈពេលពីរថ្ងៃទទួលបានធាតុចូលថ្មីៗថែមទៀត សម្រាប់លើកកម្ពស់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ «ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ព្រមទាំងផែនការសកម្មភាពរបស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានលទ្ធផលថ្មីៗ បន្ថែមទៀតនៅក្នុងឆ្នាំ២០២៤នេះ៕