(បាត់ដំបង)៖ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង និងក្រុមការងារបច្ចេកទេសសិក្សាអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាស

យានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ ៤C នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការអន្តរក្រសួង សិក្សាអំពីលទ្ធភាព និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ ៤C។

ពិធីនេះបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្ត្រីស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំពិភាក្សានេះ គឺក្នុងគោលបំណងពិនិត្យទៅលើការត្រៀមផ្សព្វផ្សាយអនុក្រឹត្យ របស់រាជរដ្ឋាភិបាលស្ដី ពីការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋដី ដែលមានទីតាំងស្ថិត ក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង និងស្រុកសង្កែ សម្រាប់អភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់៤C និងរៀបចំចុះបោះបង្គោលកំណត់ព្រំខណ្ឌបរិវេណដី អាកាសយានដ្ឋានបាត់ដំបង ដែលមានស្រាប់ និងបរិវេណដីតម្រូវការ ក្នុងការពង្រីកបន្ថែម ក៏ដូចជាពិភាក្សាអំពីដំណោះស្រាយ ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ អាស្រ័យផលក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបងផងដែរ៕