(ភ្នំពេញ)៖ ដើម្បីរៀបចំផែនការ និងសកម្មភាពការងារឱ្យបានរួចរាល់មុនកិច្ចប្រជុំ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភព លោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា» ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកម្ពុជា ដោយមានតំណាងបណ្តាប្រទេសជិត២០០ នឹងចូលរួមហើយអញ្ជើញទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា គឺមានសារៈសំខាន់ ហើយក្រសួងព័ត៌មានទទួលលើកិច្ចការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយ មិនត្រឹមតែក្នុងប្រទេសនោះទេ គឺផ្សាយទៅកាន់ពិភពលោកតែម្តងឱ្យបានដឹងពីព្រឹត្តិការណ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។ ដូច្នេះ ស្នើដល់គ្រប់ផ្នែក ជំនាញពាក់ព័ន្ធរបស់ក្រសួងព័ត៌មាន ត្រូវត្រៀម លក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានល្អ និងគ្រប់ទិដ្ឋភាព នៃកិច្ចប្រជុំ»

ជាមួយគ្នានេះរៀបចំចុះឈ្មោះ អ្នកសារព័ត៌មាន ទាំងជាតិ និងអន្តរជាតិ កិច្ចសម្របសម្រួលនានា ដើម្បីបង្កភាពងាយស្រួលក្នុងការថត និងយកព័ត៌មាន សម្រាប់ផ្សព្វផ្សាយទៅកាន់អន្តរជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ដថា ព្រឹត្តិការណ៍រៀបចំកិច្ចប្រជុំ អនុសញ្ញាអូតាវ៉ា ក្នុងទឹកដីខេត្តសៀមរាបខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជានឹងទទួលបាននូវ អត្ថប្រយោជន៍ យ៉ាងច្រើន ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនានាជុំវិញពិភពលោក ជាពិសេសអ្នកខេត្តសៀមរាប និងអ្នករកស៊ីផ្នែកវិស័យសេវាកម្មទេសចរណ៍តែម្តង។ ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា គឺដោយសារតែកាលពីខែវិច្ឆិកាឆ្នាំ២០២៣កន្លង មកនេះ ប្រទេសកម្ពុជា ត្រូវបានជាប់ឆ្នោតធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា។

អនុសញ្ញាអូតាវ៉ា គឺជាការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្សលោក ហើយមានគោលដៅបញ្ចប់នូវការឈឺចាប់របស់ប្រជាជននៅលើពិភពលោក ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។ អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាមនុស្សធម៌ ដែលមានប្រទេសជាសមាជិករហូតដល់ ១៦៤ប្រទេស នៅសល់តែ ៣៣ប្រទេសទៀតប៉ុណ្ណោះដែលមិនទាន់បានចូលរួម៕