(ក្រចេះ)៖ គណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី ព្រមានចាត់វិធានការទៅ តាមលក្ខន្តិកៈច្បាប់ ដែលបានកំណត់ ហើយអាចបញ្ឈប់មុខរបប លក់ដូរម្ហូបអាហារ នៅរមណីយដ្ឋានមួយនេះ ប្រសិនបើក្រុមអាជីវករ នៅតែមិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរ និងគណៈគ្រប់គ្រង។

ការព្រមាននេះ ធ្វើឡើងក្រោយពីក្រុមអាជីវករមួយចំនួន បានបង្កភាពរញ៉េរញ៉ៃ រត់ស្ទាក់រថយន្តរបស់អ្នកដំណើរ ឬក៏ភ្ញៀវទេសចរដែរទៅលេងកម្សាន្ត នៅតំបន់រមណីយដ្ឋានខាងលើ ដើម្បីទាក់ ទាញភ្ញៀវទេសចរណ៍ឲ្យចូលអង្គុយ នៅតាមកញ្ចុះ ឬកម្មង់ម្ហូបអាហាររបស់ខ្លួន សម្រាប់ទទួលទាន ហើយសកម្មភាពបែបនេះហើយ ដែលធ្វើឲ្យមានការរិះគន់។

លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាន បានបន្តចុះពន្យល់ និងណែនាំបងប្អូនអាជីវករនៅរមណីយដ្ឋានទឹកជួរកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្រោយពីមានការរិះគន់ ដែលបង្កឲ្យមានភាពរញ៉េរញ៉ៃ ដល់ការធ្វើដំណើររបស់ភ្ញៀវ និងតម្លៃលើមុខម្ហូប ដែលផ្តល់ជូនភ្ញៀវទេសចរ ធ្វើឲ្យមានការរិះគន់ ពីភ្ញៀវមកលេងកម្សាន្ត។

លោក ម៉ែន វណ្ណា ក៏បានណែនាំដល់បងប្អូនអាជីវករត្រូវអនុវត្តនូវវិធានការមួយចំនួន៖ មិនត្រូវរត់ស្ទាក់ ឫឈរបាំងរថយន្ត នៅពេលឆ្លងកាត់ ចៀសវាងភាពរញ៉េរញ៉ៃ និងអាចបង្ករគ្រោះថ្នាក់, ហាមគោះរថយន្តភ្ញៀវទេសចរ, ហាមលក់លើសតម្លៃកំណត់របស់គណៈកម្មាការ,​ ម្ហូបអាហារត្រូវរៀបចំឲ្យមានអនាម័យត្រឹមត្រូវ និងត្រូវសម្អាតទីតាំងអាជីវកម្មឲ្យបានស្អាតជាប្រចាំ។

លោកប្រធានបានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត ដែលមានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាន និងមានក្រុមការងារចុះពិនិត្យឃ្លាំមើលជាប្រចាំ ប្រសិនបើជានៅបន្តមានករណីខាងលើ កើតមានឡើងទៀត រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាការ នឹងចាត់វិធានការទៅ តាមលក្ខន្តិកៈច្បាប់បានកំណត់ អាចឈានទៅនិងការបញ្ឈប់មុខរបបទាំងនេះ។

លោកក៏បានថ្លែងអំណរគុណចំពោះបង ប្អូនភ្ញៀវទេសចរ ដែលបានអញ្ជើញមកលេងកម្សាន្ត និងបានផ្តល់ព័ត៌មានមតិយោបល់ ក្នុងន័យស្ថាបនា និងកែលម្អ ដើម្បីឲ្យវិស័យទេសចរខេត្តមានការអភិវឌ្ឍ ប្រកបដោយគុណភាពលើក កម្ពស់សេដ្ឋកិច្ចប្រជាជននៅក្នុងមូលដ្ឋាន ឲ្យមានជីវភាពធូរធារ តាមរយៈការផ្តល់សេវាកម្ម ក្នុងវិស័យទេសចរណ៍៕