(ពោធិ៍សាត់)៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបានបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ ចំនួន១០ក្រុម មានកម្លាំងសរុប ៧៨៩នាក់ បានចុះអន្តរគមន៍ ឃ្លុំដីទំហំចំនួនទីតាំង ៣៩៤២,៧៣ហិកតា ជាមួយគ្នានេះបានឃុំខ្លួនជនសង្ស័យ ០១នាក់ ទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ និងបានធ្វើការអប់រំមនុស្សបានចំនួនថែមទៀត។ នេះបើយោងតាមឱ្យដឹងរបស់លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក ខ្វៃ អាទិត្យា​ បានថ្លែងថា ការបូកសរុបការងារប្រតិបត្តិការលើកទី១ បានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យទី១៧ ខែមេសា ឆ្នាំ២០២៤ នៅសាលាស្រុកវាលវែងខេត្តពោធិ៍សាត់ ដោយមានការចូលរួមដឹកនាំដោយលោក ចាយ សាមិត្ត រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួអបរិស្ថាន និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាសត់ ព្រមទាំងពីមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សម្រាប់ថ្ងៃទី៥ នៃប្រតិបត្តិការកម្លាំងចម្រុះបានឃ្លុំដីបានចំនួន ៥១៥ហិកតា និងដកហូត ផាល ត្រាក់ទ័រ (ទុកនៅបុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប) ២គ្រឿង, រណារយន្ត៖ ១គ្រឿង, បានរឹបអូសវត្ថុតាងមាន តង់កៅស៊ូ៖ ១០តង់, រោងប្រក់សង្ក័សី៖ ៩ខ្នង, រោងប្រក់ស្លឹក៖១ខ្នង, ដើមដំឡូង៖ ៣៧០បាច់, ដើមចេក៖ ៧០គុម្ភ, បង្គោលរបងថ្ម៖ ២០បង្គោល, បង្គោលរបងឈើ៖ ៧០បង្គោល។

ដោយឡែកនៅក្នុងពេលចុះអន្តរាគមន៍កម្លាំងចម្រុះ បានរុះរើ រោងប្រក់សង្ក័សី៖ ៣ខ្នង រោងប្រក់ស្លឹក៖ ២ខ្នង បង្គោលរបង៖ ១២២ដើម និងបានស៊ើបអង្កេតអត្តសញ្ញាណកសាងសំណុំរឿង ២ករណី (នៅចំណុចកូនភ្នំកណ្ដាល) ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ដោយមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រងធនធាធម្មជាតិនៅតាមភូមិសាស្រ្តនានាទូទាំងប្រទេស ប្រតិបត្តិការទ្រង់ទ្រាយធំរបស់សមត្ថកិច្ចចម្រុះបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានធ្វើឡើងក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបញ្ជាការកងឯកភាពខេត្ត ដឹកនាំដោយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

បន្ថែមពីនេះនៅក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។

ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្នុងនោះបញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយ ភាពធន់ ចីរភាព និងបរិយាប័ន្ន ហើយក្នុងមុំទី២៖ គ្រប់គងធនធានធម្មជាតិ បេតិកភ័ណ្ឌ វប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព។

លើសពីនេះ ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។

ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ស្របតាមយិទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺស្អាត បៃតង និងចីរភាព ដោយក្នុងនោះរួមមាន៖

១៖ ការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស

២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារ និងអភិរក្សធនធានធម្មជាតិ

៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តកន្លងមក

និង៤៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០៕